បទបញ្ជារបស់ប្រធានាធិបតីអាមរិក លោក Donald Trump ឲ្យវាយប្រហារទូកប្រដាប់អាវុធរបស់អ៊ីរ៉ង់ គឺជាសញ្ញាចុងក្រោយបង្អស់ ដែលបង្ហាញថា យុទ្ធសាស្ត្រប្រយុទ្ធមិនស៊ីមេទ្រី ក្នុងសង្គ្រាម កំពុងក្លាយជាឧបសគ្គដល់កងទ័ពជើងទឹកដ៏ខ្លាំងក្លាបំផុតរបស់ពិភពលោក ដោយយន្តហោះ និងនាវាពិឃាតរបស់សហរដ្ឋអាមេរិកត្រូវបានបង្ខំតាមដានហ្វូងទូកល្បឿនលឿនដែលកំពុងធ្វើដំណើរយ៉ាងលឿនរហ័ស នៅក្នុងផ្លូវទឹកដឹកជញ្ជូនថាមពលដ៏សំខាន់មួយ។

កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) តាមរយៈសារនៅលើបណ្ដាញសង្គម លោក Trump បាននិយាយថា៖ «ខ្ញុំបានបញ្ជាឲ្យកងទ័ពជើងទឹកសហរដ្ឋអាមេរិកបាញ់កម្ទេចទូកណាមួយ ទោះបីជាទូកតូចៗក៏ដោយ»។ លោកបានអះអាងថា នាវាទាំងនោះកំពុងដាក់មីននៅក្នុងច្រកសមុទ្រ Hormuz។

គោលដៅ ពោលគឺជាអ្វីដែលត្រូវបានគេហៅថា «កងនាវាមូស» របស់អ៊ីរ៉ង់ ត្រូវបានមន្ត្រីអាមេរិកដឹងពីការគំរាមកំហែងរបស់វាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្នកសាកល្បងអាវុធ តែងតែវាយតម្លៃជាប្រចាំនូវសមត្ថភាពរបស់នាវាចម្បាំងថ្មីៗ ក្នុងការទប់ទល់នឹងទូកល្បឿនលឿនតូចៗទាំងនោះ។

តែអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយសម្រាលពីការគំរាមកំហែងដោយ «ទូកប្រដាប់អាវុធល្បឿនលឿន» របស់អ៊ីរ៉ង់ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីថ្ងៃទី២២ ខែមេសា ដោយទទូចថា សហរដ្ឋអាមេរិកបានបំផ្លាញសមត្ថភាពកងទ័ពជើងទឹកធម្មតារបស់អ៊ីរ៉ង់។
យ៉ាងណាក្ដី ឧត្តមនាវីឯកចូលនិវត្តន៍ លោក William McRaven ដែលជាអតីតមេបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី២២ ខែមេសា តាមប្រព័ន្ធផ្សព្វផ្សាយ CNN ថា៖ «នេះគឺជាចំណុចមានប្រៀបដែលអ៊ីរ៉ង់មាន»។ លោក McRaven បានបន្ថែមថា៖ «សូមកុំយល់ច្រឡំ ពួកវានៅតែអាចគ្រប់គ្រងច្រកសមុទ្រ Hormuz បាន។ ទូកវាយប្រហារលឿនរហ័សនេះ ធ្វើឲ្យនាវារបស់យើងស្ថិតគ្រោះថ្នាក់ ដោយសារយានដ្រូន ក៏ដូចមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី»៕