រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា) បាននិយាយថា អ៊ីស្រាអែល «ត្រៀមរួចជាស្រេច ដើម្បីចាប់ផ្ដើមសង្គ្រាមឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់» ដោយបន្ថែមថា ប្រទេសរបស់លោក កំពុងរង់ចាំការផ្ដល់ភ្លើងខៀវពីសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យអ៊ីរ៉ង់ត្រលប់ទៅ «យុគសម័យថ្ម ឬយុគថ្មរំលីង» វិញ។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក Katz បានបញ្ជាក់ថា៖ «កងកម្លាំង IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) បានត្រៀមខ្លួនរួចជាស្រេច ទាំងផ្នែកការពារ និងការវាយលុក ក៏ដូចជាគោលដៅដែលត្រូវបានកំណត់»។ លោកបានបន្ថែមថា៖ «យើងកំពុងរង់ចាំការផ្ដល់ភ្លើងខៀវពីសហរដ្ឋអាមេរិក ដែលមានភាពសំខាន់បំផុត ក្នុងការលុបបំបាត់សន្តតិវង្ស Khamenei ទាំងស្រុងតែម្ដង ហើយបន្ថែមពីលើនេះ គឺដើម្បីបញ្ជូនឲ្យអ៊ីរ៉ង់វិលត្រលប់ទៅកាន់យុគសម័យខ្មៅងងឹត និងយុគសម័យថ្មវិញ ដោយការបំផ្លាញទីតាំងថាមពល និងអគ្គិសនីសំខាន់ៗ និងរុះរើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិរបស់ប្រទេសនេះ»។
គួរបញ្ជាក់ថា ការវាយប្រហារដំបូង រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៃសង្គ្រាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលកូនប្រុសរបស់លោក ក្រោយមកបានឡើងស្នងតំណែង ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយទេ ដោយនេះបង្កើតបានជាការសង្ស័យ ជុំវិញស្ថានភាពរបស់លោក ដែលថា តើលោកនៅមានជីវិតដែរ ឬអត់។
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី២១ ខែមេសា បានប្រកាសពីការពន្យារបទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយឥតកំណត់ ដែលបានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា ដើម្បីបង្កើតឱកាស សម្រាប់ការចរចាជាមួយទីក្រុងតេអេរ៉ង់៕


