ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមេសា ឆ្នាំ២០២៦) ថា នាវាដឹកទំនិញអ៊ីរ៉ង់ ១គ្រឿងដែលដឹកអង្ករ បានទៅដល់កំពង់ផែហើយ បន្ទាប់ពីមានការរាយការណ៍ពីការប៉ុនប៉ងរឹបអូសរបស់សហរដ្ឋអាមេរិក នៅក្នុងសមុទ្រអូម៉ង់។

ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានឲ្យដឹងថា នាវាដឹកទំនិញ បានឆ្លងកាត់សមុទ្រអូម៉ង់ដោយសុវត្ថិភាពមុនពេលទៅដល់កំពង់ផែ។ សារព័ត៌មាននេះបានបន្ថែមថា នាវានេះត្រូវបានអមដំណើរដោយអង្គភាពកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)។
អ៊ីរ៉ង់បានបញ្ជាក់អះអាងកាលពីថ្ងៃចន្ទថា កងកម្លាំងអាមេរិក បានរឹបអូសនាវាដឹកទំនិញដែលមានទង់ជាតិអ៊ីរ៉ង់ ១គ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរំលោភលើបទឈប់បាញ់ និងព្រមានសងសឹកវិញ។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុករួមគ្នា លើអ៊ីរ៉ង់ដែលបានសងសឹកដោយការវាយប្រហារលើអ៊ីស្រាអែល និងប្រទេសក្នុងតំបន់ផ្សេងទៀតដែលមានមូលដ្ឋានរបស់សហរដ្ឋអាមេរិក។
ប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៣.៣០០នាក់ មុនពេលទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ បានប្រកាសបទឈប់បាញ់រយៈពេល ២សប្តាហ៍ នៅថ្ងៃទី៨ ខែមេសា ដែលសម្របសម្រួលដោយប៉ាគីស្ថាន។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការពន្យារបទឈប់បាញ់ដោយគ្មានកំណត់នៅថ្ងៃទី២១ ខែមេសា៕