ក្រុមមន្រ្តីនិយាយនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោច ២នាក់ ត្រូវបានសម្លាប់ ក្រោយការវាយប្រហារតាមច្រកអាកាសរុស្ស៊ីលើទីក្រុងកំពង់ផែ Odesa របស់អ៊ុយក្រែន ។
រូបភាពវីដេអូឃ្លីបឃើញ ការវាយប្រហារកាលពីយប់កន្លងទៅ ត្រូវចំអគាររស់នៅរបស់អ្នកស្រុក និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅទីក្រុងកំពង់ផែធំបំផុតរបស់អ៊ុយក្រែនមួយនេះ ក្នុងនោះក្រុមជួយសង្រ្គោះ បានធ្វើការពេញមួយយប់ ដើម្បីជម្លៀសពលរដ្ឋចេញពីអគារ និងព្យាយាមពន្លត់អគ្គិភ័យ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេចំពោះទីតាំង និងកាលបរិច្ឆេតរបស់រូបភាពវីដេអូឃ្លីប ប៉ុន្តែលោក Serhiy Lysak គឺជាប្រធានរដ្ឋបាលយោធាក្នុងស្រុក សរសេរនៅលើបណ្តាញព័ត៌មានសង្គម Telegramនាថ្ងៃសុក្រនេះថា មនុស្ស ២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារកាលពីយប់កន្លងទៅនៅទីក្រុង Odesa ។
ស្របពេលដែលសង្រ្គាមបច្ចុប្បន្នឈានដល់ឆ្នាំទី ៥ហើយនោះ ទីក្រុងមូស្គូ បានបង្កើនការវាយប្រហាររបស់ខ្លួនលើទីក្រុង Odesa ដែលជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់មួយ ស្ថិតនៅតំបន់ភាគខាងត្បូងអ៊ុយក្រែន និងជាទីក្រុងនាំចេញភាគច្រើនគ្រាប់ធុញ្ញជាតិ និងការនាំចេញតាមសមុទ្រផ្សេងទៀតរបស់អ៊ុយក្រែន ៕

