រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើគោលដៅនៅអ៊ុយក្រែន នៅទូទាំងតំបន់ចំនួន១៣៨កន្លែង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ខណៈកងកម្លាំងអ៊ុយក្រែនបានអះអាងនៅថ្ងៃដដែលនោះថា ពួកគេបានវាយប្រហារដោយយានដ្រូនលើស្ថានីយ៍បូមប្រេងមួយកន្លែងក្នុងតំបន់ Nizhny Novgorod របស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ កងកម្លាំងរុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូនដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែន ព្រមទាំងទីតាំងដាក់ពង្រាយកងទ័ពអ៊ុយក្រែនបណ្តោះអាសន្ន និងទាហានស៊ីឈ្នួលបរទេសនៅទូទាំងតំបន់ចំនួន១៣៨កន្លែង។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថាប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់គ្រាប់បែកស៊ីបគោលដៅចំនួន១០គ្រាប់ និងយានដ្រូនចំនួន៤១៨គ្រឿង។ ទន្ទឹមនឹងនេះ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយថា កងទ័ពអាកាស កងទ័ពបាញ់មីស៊ីល និងអង្គភាពកាំភ្លើងធំរបស់ខ្លួនបានវាយប្រហារតំបន់ដំឡើងឧបករណ៍ និងប៉ុស្តិ៍ទីបញ្ជាការរបស់កងទ័ពរុស្ស៊ី និងបានបាញ់ទម្លាក់យានដ្រូនចំនួន ១.៩៤១គ្រឿង។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពព័ត៌មានពីអង្គភាពសេវាសន្តិសុខអ៊ុយក្រែនថា យានដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារស្ថានីយ៍បូមប្រេង Gorky នៅក្នុងតំបន់ Nizhny Novgorod របស់រុស្ស៊ី ដែលបានបង្កឱ្យមានអគ្គិភ័យ។
