ក្រុមបង្ហាញយន្តហោះចម្បាំងអាមេរិកមួយក្រុម បានធ្វើសមយុទ្ធលើអាកាសជាមួយយន្តហោះចម្បាំង F-16 ខាងលើទីក្រុងលីម៉ា ប្រទេសប៉េរូ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា។ លោក Taylor Hiester មកពីក្រុមបង្ហាញយន្តហោះចម្បាំង F-16 បានពិពណ៌នាយន្តហោះចម្បាំងនេះថា ជាយន្តហោះចម្បាំងដែលបានហោះហើរលើកដំបូងក្នុងឆ្នាំ១៩៧៤ ហើយត្រូវបានធ្វើឱ្យប្រសើរជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ការបង្ហាញនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលប៉េរូ បានធ្វើការទូទាត់ប្រាក់ចំនួន៤៦២លានដុល្លារសម្រាប់យន្តហោះចម្បាំង F-16 របស់សហរដ្ឋអាមេរិក ជាការទូទាត់លើកដំបូងនៅក្នុងកិច្ចព្រមព្រៀងរាប់ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីជាន់ខ្ពស់ពីររូបកាលពីថ្ងៃពុធ ទី ២២ ខែមេសា។
ប្រទេសប៉េរូ បានចំណាយពេលជាច្រើនឆ្នាំក្នុងការចរចាជាមួយក្រុមហ៊ុនផ្សេងៗគ្នា ដើម្បីធ្វើទំនើបកម្មកងក្រុមយន្តហោះចម្បាំងមានអាយុកាលចាស់ៗរបស់ខ្លួន មានយន្តហោះ Mirage 2000 និង MiG 29 ដែលទទួលបានក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងឆ្នាំ១៩៩០។ ប្រទេសប៉េរូ កំពុងសម្លឹងមើលការទិញយន្តហោះសរុបចំនួន២៤ គ្រឿង ប៉ុន្តែកិច្ចព្រមព្រៀងដំបូងត្រូវបានគេរំពឹងថានឹងមានចំនួនត្រឹមតែ១២ គ្រឿង។

