តុលាការកំពូលថៃ នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ខ្លួនបានទទួលបណ្ដឹងមួយដែលចោទប្រកាន់សមាជិកសភាបច្ចុប្បន្ន និងអតីតរបស់គណបក្សប្រឆាំងចំនួន ៤៤រូប ពីបទរំលោភលើក្រមសីលធម៌ ជុំវិញការប៉ុនប៉ងធ្វើវិសោធនកម្មច្បាប់ដែលការពារអង្គព្រះមហាក្សត្រកុំឲ្យមានការរិះគន់ ក្នុងឆ្នាំ២០២១។
បុគ្គល ៤៤រូបនោះ ដែលនឹងត្រូវឡើងសវនាការ ចាប់ពីថ្ងៃទី៣០ ខែមិថុនា រួមមានសមាជិកបច្ចុប្បន្ន និងអតីតរបស់គណបក្សជឿនលឿន គឺ People’s Party និងគណបក្សដើម គឺ Move Forward ដែលត្រូវបានរំលាយ។ ប្រសិនបើរកឃើញថា មានទោស ពួកគេនឹងត្រូវប្រឈមមុខនឹងការពិន័យខ្លាំងបំផុត ដោយត្រូវហាមឃាត់មិនឲ្យកាន់តំណែងរដ្ឋអស់មួយជីវិត។
តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចមិនព្យួរនោះទេ ចំពោះសមាជិកសភាដែលកំពុងបម្រើការចំនួន ១០រូប ក្នុងចំណោមអ្នកពាក់ព័ន្ធទាំង ៤៤រូប។
គួរបញ្ជាក់ថា មនុស្សរាប់រយនាក់ត្រូវបានកាត់ទោសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសថៃ ដែលជាច្បាប់ដ៏តឹងរ៉ឹងបំផុតមួយ ក្នុងពិភពលោក ដោយមានការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ សម្រាប់ជនល្មើស។

ការទទួលយកសំណុំរឿងរបស់តុលាការនេះ គឺជាឧបសគ្គចុងក្រោយបំផុត ក្នុងចំណោមបញ្ហាជាបន្តបន្ទាប់ សម្រាប់គណបក្សសេរីនិយមប្រឆាំងនឹងស្ថាប័នរបស់ថៃ ដែលបានមើលឃើញខ្លួនឯងបរាជ័យម្ដងហើយម្ដងទៀត នៅក្នុងសេចក្តីសម្រេចរបស់តុលាការជាបន្តបន្ទាប់ និងដែលត្រូវបានរារាំងមិនឲ្យបង្កើតរដ្ឋាភិបាល បន្ទាប់ពីមានជ័យជម្នះ ក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣៕
