ភ្នំពេញ៖ សង្រ្កាន្តវត្តភ្នំ ខណៈពេលនេះ គឺកំពុងបន្តរៀបចំតុបតែងលម្អ ដើម្បីធ្វើយ៉ាងណាឱ្យមានភាពរួចរាល់ សម្រាប់ផ្ដល់ការកម្សាន្តជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
សម្រាប់សង្រាន្តវត្តភ្នំនេះ គឺនឹងមានការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ ការរៀបចំស្តង់ពិព័រណ៍ ក៏ដូចជាការរៀបចំពិធីសាសនាសំខាន់ៗផងដែរ។ នេះជាការលើកឡើងរបស់លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌រាជធានីភ្នំពេញ។
គិតត្រឹមពេលនេះ សង្រាន្តវត្តភ្នំ គឺកំពុងបន្តការរៀបចំយ៉ាងសកម្ម ដើម្បីត្រៀមផ្ដល់ការកម្សាន្តជូនប្រជាពលរដ្ឋ។ សម្រាប់ការរៀបចំសង្រាន្តវត្តភ្នំនេះ គឺធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ជាថ្ងៃចូលឆ្នាំផ្ទាល់តែម្ដង។
សម្រាប់ការរៀបចំនេះ លោក ជុំ វឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ លើកឡើងថា នឹងមានការរៀបចំជាការលេងល្បែងកម្សាន្តប្រជាប្រិយ ការរៀបចំស្តង់ពិព័រណ៍ និងការរៀបចំពិធីសាសនាសំខាន់ៗសម្រាប់ឱកាសចូលឆ្នាំខ្មែរទាំងបីថ្ងៃ។ ជាក់ស្ដែងខណៈពេលនេះ កិច្ចការមួយចំនួនបានរៀបចំរួចរាល់ ហើយក្រុមការងារនិងក្រុមជាង ក៏កំពុងមមាញឹកក្នុងការដំឡើង និងដឹកជញ្ជូនសម្ភារៈចាំបាច់មកទីតាំងវត្តភ្នំផងដែរ។
ខណៈពេលកំពុងរៀបចំកម្មវិធីសង្រាន្តនេះ ក៏មានវត្តមានប្រជាពលរដ្ឋ ជាពិសេសយុវជនមួយចំនួន ចូលមកទស្សនាកម្សាន្តផងដែរ។ ពួកគាត់លើកឡើងថា ការរៀបចំកម្មវិធីសង្រាន្តវត្តភ្នំនេះ គឺជារឿងប្រសើរ ដែលអាចផ្ដល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋដែល ពុំបានចាកចេញពីរាជធានីភ្នំពេញ។ ជាពិសេសគឺបង្ហាញដល់យុវជន ឱ្យស្វែងយល់កាន់តែច្រើនពី កម្មវិធីសាសនាសំខាន់ៗ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ឆ្នាំ២០២២នេះជាឆ្នាំដំបូងដែលកម្ពុជា បានរៀបចំពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោយខកខានការរៀបចំរយៈពេល ២ឆ្នាំ ដោយសារកូវីដ-១៩ ។ ការសម្រេចរៀបចំនេះ ក៏ស្របពេលដែលកម្ពុជាសម្រេចបានជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំង និងគ្រប់គ្រងការឆ្លងកូវីដ-១៩បានល្អប្រសើរ ដោយការឆ្លងប្រចាំថ្ងៃ គឺស្ថិតក្នុងចំនួន ២ខ្ទង់ក្នុងមួយថ្ងៃប៉ុណ្ណោះ៕ អត្ថបទ៖ គឹមហុក