សារព័ត៌មាន KOCO News រាយការណ៍ថា មនុស្សយ៉ាងហោច ១០នាក់ បានរងរបួស ក្រោយព្យុះកួចវាយប្រហាររដ្ឋភាគខាងជើង Oklahoma របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមសង្រ្គោះបន្ទាន់ បានចុះប្រតិបត្តិការជួយសង្រ្គោះ និងរុករក ក្រោយព្យុះកួចបណ្តាលឲ្យមានការខូចខាតច្រើន ធ្វើឲ្យប៉ះពាល់ដល់មូលដ្ឋានទ័ពអាកាស Vance ស្ថិតក្នុងទីក្រុង Enid រដ្ឋ Oklahoma ។
រូបភាពវីដេអូឃ្លីបថតបានដោយសារព័ត៌មាន KOCO News ឃើញកម្ទេចកម្ទីហោះលើអាកាស ពេលដែលព្យុះកួចបោកបក់ឆ្លងកាត់មូលដ្ឋានទ័ពអាកាស ។
សេវាកម្មឧតុនិយមជាតិ រាយការណ៍ថា ការខូចខាតដំបូល បង្អួច រថយន្ត និងដើមឈើ បានកើតមានឡើងនៅមូលដ្ឋានទ័ពអាកាស Vance ។
សារព័ត៌មាន KOCO News រាយការណ៍ទៀតថា ព្យុះទឹកកកដែលមានទំហំប៉ុនកូនបាល់វាយកូនហ្គោល អាចនឹងកើតមាននៅក្នុងសេចក្តីជូនដំណឹងដែលបានចេញកាលពីយប់ថ្ងៃព្រហស្បតិ៍ ៕

