សហរដ្ឋអាមេរិកកំពុងពិចារណាជម្រើសយោធាជាច្រើន ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើបទឈប់បាញ់បច្ចុប្បន្នបរាជ័យ ដោយផែនការដំបូងផ្តោតលើការកំណត់គោលដៅលើបុគ្គលជាន់ខ្ពស់ដែលត្រូវបានគេមើលឃើញថា បានរារាំងដល់ការចរចា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ CNN នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ ដោយដកស្រង់ប្រភពដែលដឹងពីការពិភាក្សា។
ជម្រើសមួយ ដែលកំពុងត្រូវបានពិនិត្យ ត្រូវបានរាយការណ៍ថា ពាក់ព័ន្ធនឹងការវាយប្រហារ លើមេដឹកនាំយោធាអ៊ីរ៉ង់ជាក់លាក់ និងឥស្សរជនសំខាន់ៗ នៅក្នុងរបបនេះ ដែលមន្ត្រីអាមេរិកបានចោទប្រកាន់ថា បានធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងផ្នែកការទូត។ ហើយដោយបានដកស្រង់ប្រភពមួយ ក្នុងចំណោមប្រភពទាំងនោះ ប្រព័ន្ធផ្សព្វផ្សាយ CNN បានឲ្យដឹងថា ក្នុងចំណោមនោះ មានលោក Ahmad Vahidi ដែលបម្រើការជាអគ្គមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។

ក្រៅពីការកំណត់គោលដៅលើបុគ្គល អ្នករៀបចំផែនការយោធាអាមេរិក ក៏កំពុងរៀបចំសេណារីយ៉ូប្រតិបត្តិការទូលំទូលាយជាងមុនផងដែរ ដែលផ្តោតលើសមត្ថភាពដែនសមុទ្ររបស់អ៊ីរ៉ង់។ យោងតាមសារព័ត៌មាន CNN ដដែល បានឲ្យដឹងទៀតថា ផែនការទាំងនេះ រួមមាន «ការកំណត់គោលដៅថាមវន្ត» នៃធនាធាន នៅជុំវិញច្រកសមុទ្រ Hormuz ឈូងសមុទ្រអារ៉ាប់ភាគខាងត្បូង និងឈូងសមុទ្រអូម៉ង់ ដែលរួមមានទូកវាយប្រហារល្បឿនលឿនតូចៗ នាវាដាក់មីន និងឧបករណ៍មិនស៊ីមេទ្រីផ្សេងទៀត ដែលប្រើដោយទីក្រុងតេអេរ៉ង់ ដើម្បីរំខានដល់ផ្លូវដឹកជញ្ជូន។
ប្រព័ន្ធផ្សព្វផ្សាយ CNN បានរាយការណ៍បន្ថែមថា ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ពីមុនផ្តោតជាសំខាន់លើគោលដៅចូលជ្រៅ នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែផែនការថ្មី បានផ្លាស់ប្តូរការយកចិត្តទុកដាក់ទៅលើការវាយប្រហារ ដែលផ្តោតជាសំខាន់ផ្លូវសមុទ្រជាយុទ្ធសាស្ត្រដ៏តូចចង្អៀតនេះ។ តែយ៉ាងណាក្ដី ប្រភពទាំងនោះបានព្រមានថា សកម្មភាពយោធាតែម៉្យាង អាចមិនគ្រប់គ្រាន់ ដើម្បីបើកច្រកសមុទ្រនេះឡើងវិញយ៉ាងឆាប់រហ័សបានឡើយ៕


