រដ្ឋមន្រ្តីការបរទេសឈីលីលោក Perez Mackenna បានជួបជាមួយរដ្ឋមន្រ្តីការបរទេសបូលីវីលោក Fernando Aramayo នៅទីក្រុង La Paz ជាទីដែលភាគីទាំង ២និយាយថា ពួកគេមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងទ្វេភាគី ។
លោក Mackenna និយាយថា ឈីលីចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងអន្តោប្រវេសន៍ និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធព្រំដែន ដែលជាផ្នែកមួយនៃកិច្ចខិតខំ ដើម្បីប្រយុទ្ធប្រឆាំងការធ្វើអន្តោប្រវេសន៍ខុសប្រក្រតី អង្គការឧក្រិដ្ឋកម្ម ការជួញដូរមនុស្សខុសច្បាប់ ការរត់ពន្ធ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ។

លោកថា ក្រុមតំណាងធុរកិច្ចឈីលី និងបូលីវី បានជួបគ្នា ហើយភាគីទាំង ២ បានព្រមព្រៀងគ្នាចាប់ផ្តើមកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ។
ចំណែកឯលោក Aramayo និយាយដែរថា ភាគីទាំង ២ បានយល់ព្រមស្តាឡើងវិញយន្តការសម្រាប់ការពិគ្រោះយោបល់នយោបាយ និងគ្រប់គ្រងរបៀបវារៈទ្វេភាគីតាមវិធីគ្រប់ជ្រុងជ្រោយ ។
យោងតាមការអះអាងរបស់ក្រសួងការបរទេសឈីលី បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Mackenna គឺជាដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ ដោយផ្តោតសំខាន់លើការបង្កើតទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យទេសចរណ៍ បណ្តាញទំនាក់ទំនង សន្តិសុខ អន្តោប្រវេសន៍ រ៉ែសំខាន់ សមាហរ័ណកម្មសិក្សា និងវប្បធម៌ ។
សូមបញ្ជាក់ថា ឈីលី និងបូលីវី បានរក្សាទំនាក់ទំនងត្រឹមស្ថានកុងស៊ុលប៉ុណ្ណោះ មិនមែនជាទំនាក់ទំនងការទូតពេញលេញនោះទេ ចាប់តាំងពីឆ្នាំ ១៩៧៨រហូតមក ពេលដែលការចរចាលើតម្រូវការយូរអង្វែងរបស់បូលីវី សម្រាប់អធិបតេយ្យភាពនៅមហាសមុទ្រប៉ាស៊ីហ្វិក បរាជ័យ គឺជាវិវាទមួយផ្តើមចេញពីការបាត់បង់តំបន់ឆ្នេររបស់បូលីវីទៅ ឲ្យឈីលី នៅក្នុងសង្រ្គាមប៉ាស៊ីហ្វិក អំឡុងសតវត្សរ៍ទី ១៩ ៕
