កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សម្តេចប៉ាប លីអូ បានថ្កោលទោសការសម្លាប់បាតុករប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ង់ ក្រោយពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរិះគន់ព្រះអង្គថា ពុំបានធ្វើបែបនេះ ។
សម្តេចប៉ាបមានព្រះបន្ទូលថា ព្រះអង្គសូមធ្វើការថ្កោលទោសចំពោះការឆក់យកអាយុជីវិតមនុស្ស ព្រះអង្គថ្កោលទោសការកាត់ទោសប្រហារជីវិត ព្រះអង្គជឿថា ជីវិតមនុស្សត្រូវតែគោរព ហើយមនុស្សទាំងអស់ តាំងពីមានគត៌រហូតដល់សម្រាល ជីវិតរបស់ពួកគេគួរតែត្រូវបានគោរព និងត្រូវបានការពារ ។ ដូច្នេះហើយ ពេលដែលរបបមួយ ពេលដែលប្រទេសមួយសម្រេចចិត្តឆក់យកអាយុជីវិតមនុស្សដោយមិនត្រឹមត្រូវ វាច្បាស់ណាស់ថាជាអ្វីមួយដែលត្រូវតែថ្កោលទោស ។

គួរឲ្យដឹងថា អាជ្ញាធរអ៊ីរ៉ង់បានសម្លាប់មនុស្សរាប់ពាន់នាក់ អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែមករា ។
ក្រុមសិទ្ធិមនុស្សនិយាយថា រដ្ឋាភិបាលអ៊ីរ៉ង់បន្តចាត់វិធានការបង្រ្កាបក្រុមប្រឆាំង ខណៈដែលសង្រ្គាមនៅអូសបន្លាយពេល ក្នុងនោះ ទីក្រុងតេអេរ៉ង់បានកាត់ទោសប្រហារជីវិតមួយទៀត ក្នុងសប្តាហ៍នេះ ។
នៅដើមខែនេះ លោក Trumpដែលបានវាយប្រហារសម្តេចប៉ាបនៅលើបណ្តាញព័ត៌មានសង្គម ពាក់ព័ន្ធនឹងការរិះគន់របស់ទ្រង់ចំពោះសង្រ្គាមអ៊ីរ៉ង់ បានបង្ហោះថា តើនឹងមានអ្នកនិយាយប្រាប់សម្តេចប៉ាប លីអូ ពីការស្លាប់របស់បាតុករអ៊ីរ៉ង់ដែរឬទេ ៕
