ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំទីក្រុងមូស្គូ បានឲ្យដឹងនៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះថា ទីក្រុងតេអេរ៉ង់ បានធ្វើការលើកលែង សម្រាប់ប្រទេសមួយចំនួន ក្នុងនោះរួមទាំងរុស្ស៊ីផងដែរ ជុំវិញការបង់ថ្លៃដើម្បីឆ្លងកាត់ច្រកសមុទ្រ Hormuz។
លោក Kazem Jalali បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti ថា អ៊ីរ៉ង់កំពុងស្វែងរកការអនុវត្តការលើកលែង សម្រាប់ «ប្រទេសជាមិត្ត ដូចជារុស្ស៊ីជាដើម»។ លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងនាពេលអនាគតទេ។ តែជាយ៉ាងណាក្ដី ក្រសួងការបរទេសរបស់យើង កំពុងព្យាយាមអនុវត្តការលើកលែងទាំងនេះ សម្រាប់ប្រទេសជាមិត្ត ដូចជារុស្ស៊ីជាដើម»។

កាលពីថ្ងៃទី១៩ ខែមីនា ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ISNA បានរាយការណ៍ថា អ៊ីរ៉ង់កំពុងពិចារណាលើច្បាប់ ដែលនឹងតម្រូវឲ្យប្រទេសនានាបង់ថ្លៃ សម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រនេះ។
ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានរំខានយ៉ាងខ្លាំង ចាប់តាំងពីសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដែលធ្វើឲ្យទីផ្សារថាមពលពិភពលោករង្គោះរង្គើ និងបង្កើនការភ័យខ្លាចពីការខូចខាតសេដ្ឋកិច្ចយូរអង្វែង។
កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិក លោក Donald Trump បានពន្យារបទឈប់បាញ់ ជាមួយអ៊ីរ៉ង់ បន្ទាប់ពីមានសំណើពីប៉ាគីស្ថាន ដោយប្រាប់ថា វានឹងនៅតែមានសុពលភាពរហូតដល់ទីក្រុងតេអេរ៉ង់បង្ហាញអ្វីដែលលោកពិពណ៌នាថា ជា «សំណើរួមតែមួយ»៕

