នាយករដ្ឋមន្រ្តីហៃទីលោក Alix Didier Fils-Aimé និយាយថា អាទិភាពរបស់រដ្ឋាភិបាលអន្តរកាល គឺស្តាឡើងវិញអាជ្ញាធររដ្ឋ ការការពារប្រជាពលរដ្ឋ និងការរៀបចំវិលត្រឡប់ទៅកាន់សណ្តាប់ធ្នាប់ធម្មនុញ្ញវិញ តាមរយៈការបោះឆ្នោត ។
លោក Fils-Aimé និយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)ថា បើគ្មានសន្តិសុខ ការអភិវឌ្ឍក៏មិនអាចទៅរួចនោះដែរ ហើយលោកអំពាវនាវឲ្យមានការដាក់ពង្រាយកងកម្លាំងបង្ក្រាបក្រុមអន្ធពាល ដោយពុំត្រូវពន្យាពេលនោះទេ ។

លោកថា តំបន់ខ្លះនៅក្នុងរដ្ឋធានី ត្រូវដណ្តើមបានមកវិញបន្តិចម្តងហើយ ដោយមានការគាំទ្រពីកងកម្លាំងប្រដាប់អាវុធហៃទី និងនគរបាលជាតិ ដើម្បីធ្វើឲ្យសកម្មភាពសង្គម និងសេដ្ឋកិច្ចចាប់ផ្តើមឡើងវិញដូចគ្នា ។
ក្រុមប្រឹក្សាសន្តិសុខ UN ផ្តោតសំខាន់លើសន្តិសុខនៅប្រទេសហៃទី ពេលដែលក្រុមមន្រ្តីក្នុងស្រុក និងអន្តរជាតិ អំពាវនាវឲ្យដាក់ពង្រាយកងកម្លាំងបង្រ្កាបក្រុមអន្ធពាល ដើម្បីទប់ស្កាត់អំពើហិង្សារបស់ក្រុមឧក្រិដ្ឋជន ហើយនិងស្តាអាជ្ញាធររដ្ឋឡើងវិញ ។
លោក Jack Christofides គឺជាអ្នកតំណាងពិសេសរបស់កងកម្លាំងបង្រ្កាបក្រុមអន្ធពាល និយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខ UNថា បេសកកម្មនេះ ស្ថិតក្នុងដំណាក់កាលដំបូងដ៏សំខាន់ ។ លោកថា មាននូវតម្រូវការបន្ទាន់ សម្រាប់វិធានការដ៏មុតមាំ ដើម្បីស្តាសន្តិសុខ និងក្តីសង្ឃឹម ៕
