នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) យោធាចិន បានឲ្យដឹងថា ថ្មីៗនេះ ខ្លួនបានធ្វើសមយុទ្ធយោធា រួមទាំងសមយុទ្ធបាញ់គ្រាប់ពិត នៅក្នុងដែនទឹកភាគខាងកើតនៃកោះ Luzon របស់ប្រទេសហ្វីលីពីន ដោយហៅថា ជា «ប្រតិបត្តិការចាំបាច់» ដើម្បីឆ្លើយតបទៅនឹងស្ថានភាពក្នុងតំបន់បច្ចុប្បន្ន។
យោធាបានធ្វើការប្រកាសនេះ ខណៈដែលកងទ័ពអាមេរិក និងហ្វីលីពីនប្រហែល ៨.០០០នាក់ បានចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ Balikatan របស់ពួកគេ នៅសប្តាហ៍នេះ ស្របពេលមានភាពតានតឹង ជុំវិញការអះអាងកាន់តែខ្លាំងឡើងៗរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង។

កងទ័ពប្រយុទ្ធមកពីប្រទេសជប៉ុន ក៏បានចូលរួមក្នុងសមយុទ្ធ Balikatan ជាលើកដំបូងផងដែរ ក្នុងពេលដែលទីក្រុងតូក្យូ និងប៉េកាំង នៅតែមានភាពរកាំរកូសជាមួយគ្នាមិនទាន់ថមថយ។
ទីបញ្ជាការនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៤ ខែមេសានេះថា កងកម្លាំងមួយក្រុមនៃបញ្ជាការដ្ឋានភូមិភាគខាងត្បូង (STC) របស់យោធាចិន បានអនុវត្តការហ្វឹកហាត់ជាច្រើន ដែលផ្តោតលើការបាញ់គ្រាប់ពិត ការសម្របសម្រួលផ្លូវទឹក-ផ្លូវអាកាស ការធ្វើបម្លាស់ទីយ៉ាងលឿនរហ័ស និងការបំពេញការផ្គង់ផ្គង់ដែនសមុទ្រ ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរួមបញ្ចូលគ្នា។
ស្ថានទូតហ្វីលីពីន នៅទីក្រុងប៉េកាំង មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ហើយយោធាចិនក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីពេលវេលា ឬទីតាំងពិតប្រាកដនៃសមយុទ្ធនោះដែរ ប៉ុន្តែបានបញ្ជាក់ថា សមយុទ្ធរបស់ខ្លួន គឺអនុលោមតាមច្បាប់ និងការអនុវត្តអន្តរជាតិយ៉ាងពេញលេញ៕

