ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva និយាយថា ប្រេស៊ីលមានទំនិញ ៥៤០មុខ ត្រៀមខ្លួននឹងចែកចាយទៅកាន់អឺរ៉ុប ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម Mercosur-EU ស្របពេលការនាំចេញនឹងអាចកើនឡើងដល់ ១៣ភាគរយ នៅឆ្នាំ ២០៣៨ ។
ខណៈពេលនោះដែរ អនុប្រធានាធិបតីប្រេស៊ីលលោក Geraldo Alckmin និយាយដែរថា រដ្ឋាភិបាលប្រេស៊ីល រំពឹងថា ការនាំចេញរបស់ប្រទេសពួកគេនឹងកើនឡើងដល់ចំនួន ១៣ភាគរយនៅឆ្នាំ ២០៣៨ តាមរយៈការអនុញ្ញាតទាំងស្រុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាមេរិកខាងត្បូង និងអឺរ៉ុប ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានអន្តរជាតិ រួមទាំងទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Alckmin និយាយថា ការនាំចេញឧស្សាហកម្មតែមួយគត់ អាចនឹងកើនឡើងដល់ ២៦ភាគរយ នៅក្នុងអំឡុងពេលតែមួយ ដោយសារកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្លុកទាំង ២ កាលពីខែមករាកន្លងទៅ ។
កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅថ្ងៃ ១ ខែឧសភាខាងមុខនេះ ស្របពេលដែលរដ្ឋជាសមាជិកសហភាពអឺរ៉ុប(EU)មួយចំនួន ដូចជាបារាំងបានជំទាស់កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសខាងលើ នៅឯតុលាការកំពូលរបស់ប្លុក ។
ប៉ុន្តែការដកចេញបន្តិចម្តងៗពន្ធរវាង EU និង Mercosur ដែលរួមមានអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរុយហ្គាយ នឹងចាប់ផ្តើមភ្លាមៗ ហើយត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល ១២ឆ្នាំ ៕