ក្តីបារម្ភ និងភាពពុំច្បាស់លាស់ក្នុងចំណោមប្រជាពលរដ្ឋ បានកើតមាននៅអ៊ីរ៉ាក់ ក្រោយសហរដ្ឋអាមេរិកបញ្ឈប់ការដឹកជញ្ជូនប្រាក់ប្រហែល ៥០០លានដុល្លារទៅកាន់ប្រទេសមួយនេះ ហើយនិងផ្អាកផ្នែកខ្លះនៃប្រតិបត្តិការសន្តិសុខជាមួយទីក្រុងបាកដាដ ។
ប្រភពអ៊ីរ៉ាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ចំណាត់ការបែបនេះ មានគោលបំណងដាក់សម្ពាធរដ្ឋាភិបាលអ៊ីរ៉ាក់ ពាក់ព័ន្ធនឹងសកម្មភាពក្រុមជីវពលគាំទ្រអ៊ីរ៉ង់ ។
វិធានការនេះ បានធ្វើឡើង ស្របពេលដែលផលវិបាកពីសង្រ្គាមអ៊ីរ៉ង់ បានអូសទាញអ៊ីរ៉ាក់ឲ្យចូលក្នុងជម្លោះ ក្នុងនោះក្រុមប្រដាប់អាវុធដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់ បានបើកការវាយប្រហារម្តងហើយម្តងទៀតដោយយានដ្រូន និងរ៉ុក្កែតលើទីតាំងយោធាសហរដ្ឋអាមេរិក និងរដ្ឋជិតខាង ដើម្បីបង្ហាញការគាំទ្រដល់ទីក្រុងតេអេរ៉ង់ ។
ប្រភពចំនួន ៥របស់អ៊ីរ៉ាក់ បានឲ្យដឹងថា វិធានការនេះត្រូវបានកំហិតការដឹកជញ្ជូនរូបិយវត្ថុសហរដ្ឋអាមេរិកចន្លោះ ៤៥០លានដុល្លារ និង ៥០០លានដុល្លារ ដែលត្រូវបានដឹកតាមយន្តហោះជាប្រចាំទៅកាន់ទីក្រុងបាកដាដ ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក និងធនាគារកណ្តាលអាមេរិក ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើសុំធ្វើសេចក្តីអត្ថាធិប្បាយជុំវិញការបញ្ឈប់ការដឹកជញ្ជូនសាច់ប្រាក់ដុល្លារនេះ ៕