ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា នាវាដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់ ដែលត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងសហរដ្ឋអាមេរិកនោះ មានអំណោយពីចិន ។
ចិនបានបដិសេធន៍ចោលសេចក្តីអត្ថាធិប្បាយបែបនេះ ដោយពួកគេបញ្ជាក់ថា ចិនជំទាស់រាល់ការចោទប្រកាន់ណាដែលខ្វះមូលដ្ឋានជាក់ស្តែង ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិធម្មតារវាងប្រទេស មិនគួរក្លាយជាកម្មវត្ថុនៃជ្រៀតជ្រែក និងការបង្អាក់នោះឡើយ ។
គួរឲ្យដឹងថា លោក Trump បាននិយាយប្រាប់ CNBC កាលពីព្រឹកថ្ងៃអង្គារថា នាវាមានអ្វីមួយនៅលើវា ដែលមិនល្អទាល់តែសោះ ។ ប្រហែលអំណោយពីចិន លោកមិនដឹងទេ ។
សហរដ្ឋអាមេរិកនិយាយថា ពួកគេបានបាញ់ប្រហារ និងរឹបអូសនាវាដឹកទំនិញដោតទង់ជាតិអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលព្យាយាមឈ្លានពានការបិទកំពង់ផែអ៊ីរ៉ង់ពីសំណាក់អាមេរិក ។
យោធាអ៊ីរ៉ង់និយាយថា នាវាមួយគ្រឿងនេះ ធ្វើដំណើរពីចិន ហើយនិងសន្យាសងសឹកប្រឆាំងនឹងអ្វីដែលពួកគេនិយាយថា គឺជាការប្លន់ប្រដាប់អាវុធដោយយោធាសហរដ្ឋអាមេរិក ៕