បេសកកម្ម នៅថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា កងកម្លាំងរក្សាសន្តិភាពជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបម្រើការជាមួយកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅលីបង់ (UNFIL) បានបាត់បង់ជីវិតដោយសាររបួសដែលមានអំឡុងការផ្ទុះ នៅឯមូលដ្ឋានមួយ នៅភាគខាងត្បូងនៃប្រទេសលីបង់។
UNIFIL បានឲ្យដឹងថា ពលបាលទោ លោក Rico Pramudia អាយុ ៣១ឆ្នាំ បានរងរបួសធ្ងន់ធ្ងរ ក្នុងអំឡុងពេលមាន «ការផ្ទុះគ្រាប់ផ្លោង» នៅឯមូលដ្ឋានមួយ ក្នុងតំបន់ Adchit al-Qusayr នាយប់ថ្ងៃទី២៩ ខែមីនា ហើយក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងបេរូត។ បេសកកម្មនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «UNIFIL សូមសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់ពលបាលទោ លោក Rico Pramudia»។
ដោយមិនបញ្ចេញឈ្មោះអ្នកពាក់ព័ន្ធណាមួយ កងកម្លាំងនេះបានអំពាវនាវឲ្យអង្គភាពទាំងអស់គោរពកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់អន្តរជាតិ និងធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងទីតាំងរបស់អង្គការសហប្រជាជាតិ (UN)។
សេចក្តីថ្លែងការណ៍នេះ បានសង្កត់ធ្ងន់ថា៖ «ការវាយប្រហារដោយចេតនាលើកងកម្លាំងរក្សាសន្តិភាព គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់មនុស្សធម៌អន្តរជាតិ និងសេចក្តីសម្រេចលេខ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ ហើយអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»។
ការស្លាប់របស់នាយទាហានរូបនេះ បានធ្វើឲ្យចំនួនសរុបនៃកងកម្លាំងរក្សាសន្តិភាពជនជាតិឥណ្ឌូនេស៊ីដែលត្រូវបានបាត់បង់ជីវិត នៅភាគខាងត្បូងនៃប្រទេសលីបង់ កើនឡើងដល់ ៤នាក់ហើយ នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា គិតចាប់តាំងពីថ្ងៃទី២៩ ខែមីនា៕