នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃសុក្រនេះថា លោកបានទទួលការព្យាយបាលដោយជោគជ័យសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង ដោយរូបលោកពុំបានបញ្ជាក់ពីពេលដែលការព្យាបាលបានធ្វើឡើងនោះទេ ។
នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញព័ត៌មានសង្គម ខណៈដែលរបាយការណ៍វេជ្ជសាស្រ្តប្រចាំឆ្នាំរបស់លោកត្រូវបានបញ្ចេញ លោក Netanyahu វ័យ ៧៦ឆ្នាំ និយាយថា ដុំសាច់ដំណាក់កាលដំបូង ត្រូវបានរកឃើញ អំឡុងពេលពិនិត្យសុខភាព ។
លោកថា ការព្យាបាលសម្រេចគោលដៅ បានយកចេញបញ្ហា ហើយនិងមិនបន្សល់ទុកស្លាកស្នាមអ្វីនោះទេ ។
យោងតាមរបាយការណ៍វេជ្ជសាស្រ្តដែលនិយាយថា លោកនាយករដ្ឋមន្រ្តីមានសុខភាពល្អ លោក Netanyahu ត្រូវបានព្យាបាលដោយវិធីសាស្រ្តវិទ្យុសកម្មសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូង ។
នាយករដ្ឋមន្រ្តីកាន់អំណាចយូរជាងគេបំផុតរបស់អីស្រាអែលរូបនេះ និយាយថា លោកបានពន្យាពេលចេញរបាយការណ៍វេជ្ជសាស្រ្តរយៈពេល ២ខែ ដើម្បីការពារអ៊ីរ៉ង់ពីការផ្សព្វផ្សាយការឃោសនាមិនពិតប្រឆាំងនឹងអ៊ីស្រាអែល ។
កាលពីខែមីនា អំឡុងពេលប្រយុទ្ធគ្នាជាមួយអ៊ីរ៉ង់ ពាក្យចចាមអារ៉ាមបានសាយភាយនៅលើបណ្តាញព័ត៌មានសង្គម និងនៅលើសារព័ត៌មានរដ្ឋអ៊ីរ៉ង់អះអាងថា លោក Netanyahu បានស្លាប់បាត់ហើយ ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បានថតជាវីដេអូឃើញ ឃើញរូបលោកធ្វើដំណើរទៅកាន់ហាងកាហ្វេនៅទីក្រុងហ្សេរុយសាឡឹម កាលពីខែមីនា ដើម្បីបដិសេធន៍ការអះអាងបែបនេះ ៕