រុស្ស៊ី បានសន្យាសងសឹកប្រឆាំងនឹងទណ្ឌកម្មជុំថ្មីពីសហភាពអឺរ៉ុប។ ប្លុកអឺរ៉ុប បានប្រកាសពីទណ្ឌកម្មនៅក្នុងសប្តាហ៍នេះ រួមជាមួយនឹងកញ្ចប់ប្រាក់កម្ចីសម្រាប់ប្រទេសអ៊ុយក្រែនមានតម្លៃ៩០ពាន់លានអឺរ៉ូ ឬប្រហែល១០៥ពាន់លានដុល្លារ។
ទណ្ឌកម្មទាំងនេះ ដាក់គោលដៅទៅលើស្ថាប័នហិរញ្ញវត្ថុ និងវិស័យថាមពលដែលរកប្រាក់ចំណូលបានរបស់រុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា រុស្ស៊ី មានបទពិសោធន៍យ៉ាងច្រើនក្នុងការកាត់បន្ថយផលប៉ះពាល់ពីទណ្ឌកម្ម និងបានបន្តសកម្មភាពរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា ទណ្ឌកម្មនឹងត្រូវបានឆ្លើយតបយ៉ាងមុតមាំស្របតាមផលប្រយោជន៍របស់ទីក្រុងមូស្គូ។
កាលពីថ្ងៃសុក្រ រុស្ស៊ី និងអ៊ុយក្រែន បានប្រកាសថា ពួកគេបានដោះដូរឈ្លើយសឹកចំនួន១៩៣នាក់ ដោយឈ្លើយសឹកមួយចំនួន ត្រូវបានគេឃើញដណ្តប់ទង់ជាតិរបស់ពួកគេ។