នៅមូលដ្ឋានយោធាប្រទេសរ៉ូម៉ានី មន្ត្រីជាន់ខ្ពស់របស់សម្ព័ន្ធយោធាណាតូ និងក្រុមហ៊ុនកិច្ចសន្យាការពារជាតិ បានសម្លឹងមើលទៅលើអាកាស ខណៈប្រព័ន្ធប្រឆាំងយានដ្រូនដែលផលិតដោយអាមេរិក កំពុងឆ្លងកាត់ការធ្វើតេស្តចុងក្រោយ មុនពេលកងទ័ពរ៉ូម៉ានី ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធនេះ។ រ៉ូម៉ានី ជារដ្ឋរបស់សហភាពអឺរ៉ុប និងណាតូ មានព្រំដែនគោករួមប្រវែង៦៥០គីឡូម៉ែត្រ ជាមួយអ៊ុយក្រែន ហើយមានយានដ្រូនរំលោភលើដែនអាកាសរបស់ខ្លួន និងមានបំណែកធ្លាក់ចូលទឹកដីនេះម្តងហើយម្តងទៀត ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមវាយប្រហារលើកំពង់ផែអ៊ុយក្រែនឆ្លងកាត់ទន្លេ Danube ។ ក្នុងរយៈពេលជាងពីរសប្តាហ៍ក្នុងខែមេសានេះ ទីបញ្ជាការសម្ព័ន្ធមិត្តរបស់ណាតូ និងក្រសួងការពារជាតិរ៉ូម៉ានី បានសាកល្បងដំណោះស្រាយការពារដែនអាកាសថ្មីពីក្រុមហ៊ុនកិច្ចសន្យាឯកជន ជាការធ្វើតេស្តជាបន្តបន្ទាប់ និងជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តកាន់តែទូលំទូលាយ ដើម្បីកសាងការការពាររួមគ្នាប្រឆាំងការវាយប្រហារដោយយានដ្រូន។ នៅតំបន់ Capu Midia អ្នកសង្កេតការណ៍អឺរ៉ុប អ្នកជំនាញយានដ្រូនអ៊ុយក្រែន មន្ត្រីណាតូ និងរ៉ូម៉ានី បានសាកល្បងយានដ្រូនស្ទាក់ចាប់ សាកល្បងរ៉ាដា ឧបករណ៍ចាប់សញ្ញា ឧបករណ៍ប្រឆាំងការក្លែងបន្លំ និងឧបករណ៍បង្អាក់បរព័ន្ធអេឡិចត្រូនិកជាច្រើនប្រភេទពីក្រុមហ៊ុនឯកជនជាច្រើនក្រុមហ៊ុន។
ក្នុងចំណោមនោះមាន Merops ដែលជាប្រព័ន្ធប្រឆាំងយានដ្រូនមានតម្លៃទាប ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Project Eagle ជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គាំទ្រដោយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Google លោក Eric Schmidt ដែលប្រទេសរ៉ូម៉ានី បានទទួលពីរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំមុន។ ការការពារដែនអាកាសរបស់ប្រទេសរ៉ូម៉ានី បច្ចុប្បន្នរួមមានយន្តហោះចម្បាំង F-16 ប្រព័ន្ធប៉ាទ្រីយ៉ូត( Patriot) ជើងទម្របាញ់រ៉ូកែត HIMARS របស់ក្រុមហ៊ុន Lockheed Martin មីស៊ីលChiron បាញ់ពីលើដីទៅអាកាសរយៈចម្ងាយជិតរបស់កូរ៉េខាងត្បូង និងកាំភ្លើងធំប្រឆាំងយន្តហោះ Gepard របស់ប្រទេសអាល្លឺម៉ង់។