រុស្ស៊ី៖ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Mishustin និយាយថា ប្រទេសរបស់លោកកំពុងប្រឈមស្ថានភាពលំបាកបំផុតក្នុងរយៈពេល ៣ទសវត្សរ៍ដោយសាររលកនៃទណ្ឌកម្មព្រោះជម្លោះអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ការប៉ុនប៉ងនានារបស់បរទេសធ្វើឲ្យក្រុង Moscow ឯកាពីសេដ្ឋកិច្ចសកលនឹងវិនាសរហូតបរាជ័យ។

ការអត្ថាធិប្បាយរបស់លោកកាលពីថ្ងៃព្រហស្បតិ៍មានឡើង ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនកំពុងបង្កើនវិធានការទណ្ឌកម្មសេដ្ឋកិច្ចមិនធ្លាប់មាន ដើម្បីដាក់សម្ពាធលើក្រុង Moscow ឲ្យបញ្ចប់ប្រតិបត្តិការសឹករបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន និងដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន។ លោក Mishustin បាននិយាយថា គ្មានអ្វីត្រូវឆ្ងល់ទេ ស្ថានភាពបច្ចុប្បន្នអាចហៅបានថា ជាស្ថានភាពលំបាកបំផុតក្នុងរយៈពេល ៣ទសវត្សរ៍មកនេះសម្រាប់ប្រទេសរុស្ស៊ី។ ទណ្ឌកម្មនេះមិនត្រូវបានគេប្រើនៅក្នុងពេលវេលាដ៏ខ្មៅងងឹតបំផុត នៃសង្គ្រាមត្រជាក់នោះទេ។
កាលពីថ្ងៃអង្គារគណៈកម្មការសហភាពអឺរ៉ុបបានស្នើ ឲ្យមានការដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតលើរុស្ស៊ី ព្រោះប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន រួមទាំងបម្រាមការទិញធ្យូងថ្មពីរុស្ស៊ី និងទៅលើនាវារបស់រុស្ស៊ីមិនឲ្យចូលចតនៅកំពង់ផែរបស់ប្លុកអឺរ៉ុប៕
អត្ថបទ៖ សុខមាន