ប្រជាជនប៉ាឡេស្ទីន នៅតំបន់ West Bank និងភាគកណ្តាលនៃតំបន់ហ្កាហ្សា ប្រើប្រាស់សិទ្ធិរបស់ខ្លួន នៅថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ សម្រាប់ការបោះឆ្នោតក្រុង ដែលនេះជាដំណើរការបែបនេះលើកដំបូង ចាប់តាំងពីមានសង្គ្រាមហ្កាហ្សា ដោយព្រឹត្តិការណ៍នេះត្រូវបានសម្គាល់ដោយការមានក្រុមនយោបាយតិចតួច និងការខកចិត្តគ្រប់ទិសទី នៅដែនដីនេះ។
បើយោងតាមគណៈកម្មការរៀបចំការបោះឆ្នោតកណ្តាលដែលមានមូលដ្ឋាននៅទីក្រុង Ramallah បានឲ្យដឹងថា មនុស្សជិត ១,៥លាននាក់ បានចុះឈ្មោះបោះឆ្នោតនៅក្នុងតំបន់ West Bank ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល ព្រមទាំង ៧០.០០០នាក់ នៅក្នុងតំបន់ Deir al-Balah នៃតំបន់ហ្កាហ្សា។
បញ្ជីឈ្មោះបោះឆ្នោតភាគច្រើន ត្រូវបានផ្សារភ្ជាប់ជាមួយគណបក្សជាតិនិយមមិនពាក់ព័ន្ធសាសនា Fatah របស់មេដឹកនាំ លោក Mahmud Abbas ឬក្រុមអ្នកឈរឈ្មោះជាបេក្ខជនឯករាជ្យ។ មិនមានបញ្ជីឈ្មោះដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាសនោះឡើយ ជាគូប្រជែងសំខាន់របស់កណបក្ស Fatah ដែលគ្រប់គ្រងស្ទើរតែពាក់កណ្តាលនៃតំបន់ហ្កាហ្សា។
នៅក្នុងទីក្រុងភាគច្រើន បេក្ខជនដែលគាំទ្រដោយគណបក្ស Fatah នឹងប្រកួតប្រជែងជាមួយបញ្ជីឈ្មោះឯករាជ្យដែលដឹកនាំដោយបេក្ខជនមកពីក្រុមនានា ដូចជារណសិរ្សប្រជាជន ដើម្បីរំដោះប៉ាឡេស្ទីន (ម៉ាក្សនិយម-លេនីននិយម) ជាដើម។
គណៈកម្មការរៀបចំការបោះឆ្នោត បានប្រាប់សារព័ត៌មាន AFP ថា ស្ថានីយបោះឆ្នោត នៅតំបន់ West Bank នឹងបើកពីម៉ោង ៧:០០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹង ៤:០០ ម៉ោងសកល) ដល់ម៉ោង ៧:០០ល្ងាច ខណៈពេលដែលនៅទីក្រុង Deir al-Balah របស់តំបន់ហ្កាហ្សាស្ទ្រីប ការិយាល័យបោះឆ្នោតនឹងបិទនៅម៉ោង ៥:០០ល្ងាច ដើម្បីសម្រួលដល់ការរាប់ នៅពេលថ្ងៃ ដោយសារតែកង្វះខាតអគ្គិសនី នៅក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម។
គួរបញ្ជាក់ថា តំបន់ហ្កាហ្សា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស ចាប់តាំងពីឆ្នាំ២០០៧ មក នឹងឃើញដំណើរការបោះឆ្នោតជាលើកដំបូង ចាប់តាំងពីការបោះឆ្នោតនីតិបញ្ញត្តិឆ្នាំ២០០៦ ជាពេលដែលចលនាសកម្មប្រយុទ្ធមួយនេះបានទទួលជ័យជម្នះ៕