អភិបាលរដ្ឋ Georgia (ចចជៀ) លោក Brian Kemp បានប្រកាសអាសន្ន កាលពីថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) សម្រាប់តំបន់ចំនួន ៩១ នៅក្នុងរដ្ឋនេះ ជាកន្លែងដែលអាជ្ញាធរកំពុងប្រឹងប្រយុទ្ធជាមួយចំហេះព្រៃធំៗ ២ ដែលបានបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិច្រើនបំផុត ខណៈដែលផ្ទះសម្បែង និងអគារផ្សេងទៀតជាង ១២០ខ្នង ត្រូវបានបំផ្លាញដោយអណ្ដាតភ្លើង។
ចំហេះព្រៃនៅតំបន់ Highway 82 និង Pineland Road ដែលការឆាបឆេះមួយបង្កឡើងដោយបាឡុងពិធីជប់លៀង និងមួយទៀតដោយអណ្ដាតភ្លើងរបស់ជាងផ្សារ គឺជាចំហេះព្រៃអាក្រក់បំផុតក្នុងចំណោមភ្លើងឆេះព្រៃរាប់សិបកន្លែង ដែលកំពុងបំផ្លាញតំបន់ជនបទរដ្ឋ Georgia ជាទីដែលរងគ្រោះដោយគ្រោះរាំងស្ងួត និងរដ្ឋជិតខាង ដូចជា Florida, South Carolina និង Alabama ជាដើម ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
មិនទាន់មានរបាយការណ៍ អំពីអ្នកស្លាប់ និងរបួសនៅឡើយទេ នៅក្នុងរដ្ឋ Georgia ដែលរងគ្រោះខ្លាំងជាងគេ។ ប៉ុន្តែបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗ បានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តម្នាក់ បានបាត់បង់ជីវិត កាលពីល្ងាចថ្ងៃទី២៣ ខែមេសា បន្ទាប់ពីមានបញ្ហាសុខភាពភ្លាមៗ ដែលមិនត្រូវបានបញ្ជាក់ ខណៈពេលកំពុងប្រយុទ្ធប្រឆាំងនឹងចំហេះព្រៃ នៅភាគខាងជើងរដ្ឋ Florida។
គិតត្រឹមយប់ថ្ងៃទី២៤ ខែមេសា ចំហេះព្រៃ Highway 82 និង Pineland បានឆេះបំផ្លាញផ្ទៃដីរួមបញ្ចូលគ្នាជាង ១៦០.០០០ហិកតា ដោយបានដុតបំផ្លាញផ្ទះសម្បែង និងសំណង់ផ្សេងៗទៀតយ៉ាងហោចណាស់ ១២២ខ្នង។ នេះបើយោងតាមមន្ត្រីព្រៃឈើរដ្ឋ Georgia។
អភិបាលរដ្ឋ បានប្រាប់សន្និសីទសារព័ត៌មានថា ចំនួននៃការបំផ្លិចបំផ្លាញនេះ បានក្លាយជាការខាតបង់ទ្រព្យសម្បត្តិដ៏ធំបំផុត ដោយសារព្រឹត្តិការណ៍ចំហេះព្រៃតែមួយ ក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Georgia។ លោកបានបន្ថែមថា ផ្ទះជិត ១.០០០ខ្នងទៀត នៅតែរងការគំរាមកំហែង៕