ការវាយប្រហារដ៏ធំមួយរបស់រុស្ស៊ី ពេញមួយយប់ លើអ៊ុយក្រែន បានបណ្ដាលមនុស្សយ៉ាងតិច ៤នាក់ស្លាប់ និងជាង ៣០នាក់ផ្សេងទៀតរងរបួស ខណៈដែលទីក្រុងមូស្គូ បានប្រើប្រាស់យានដ្រូន និងមីស៊ីលរួមគ្នាជាង ៦៦០ គ្រឿង និងគ្រាប់ នៅក្នុងការបាញ់ស្រោចយ៉ាងសន្ធាប់ ដែលបានកំណត់គោលដៅលើទីក្រុង Dnipro នៅភាគអាគ្នេយ៍អ៊ុយក្រែន និងបានវាយប្រហារតំបន់ជាច្រើនទៀត។
តាមរយៈសំណេរនៅលើបណ្ដាញសង្គម ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានរៀបរាប់ថា «ស្ទើរតែពេញមួយយប់ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីក្រុង Dnipro និងទីក្រុង និងសហគមន៍ផ្សេងទៀតរបស់យើង» ដោយលោកបានបន្ថែមថា គោលដៅភាគច្រើន គឺជាហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុង។
ចំណែកអភិបាលតំបន់ លោក Oleksandr Hanzha បានឲ្យដឹងថា សាកសពមនុស្ស ២នាក់ ត្រូវបានទាញយកពីអគារមួយខ្នង ដែលរងគ្រោះដោយការវាយប្រហាររបស់រុស្ស៊ី នៅទីក្រុង Dnipro ដោយបានបន្តថាមនុស្ស ៥នាក់ផ្សេងទៀត អាចនៅតែជាប់នៅក្នុងគំនរបាក់បែករបស់អគារ។ លោកបានបន្ថែមថា មនុស្ស ២១ នាក់ផ្សេងទៀតនៅក្នុងទីក្រុងបានរងរបួស។
នៅភាគខាងជើងតំបន់ Chernihiv ការវាយប្រហារដោយមីស៊ីល និងយានដ្រូន បានសម្លាប់មនុស្ស ២នាក់ ហើយ ៧នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការឲ្យដឹងពីអភិបាលទីនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលើកម្មវិធីផ្ញើសារ Telegram កងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយប្រើយានដ្រូនចំនួន ៦១៩គ្រឿង និងមីស៊ីល ៤៧គ្រាប់ ដោយបន្ថែមថា ខ្លួន បានបាញ់ទម្លាក់យានដ្រូន ៥៨០គ្រឿង និងមីស៊ីល ៣០គ្រាប់។
រុស្ស៊ីបានវាយប្រហារដោយយានដ្រូនរាប់សិបគ្រឿងជារៀងរាល់យប់ លើអ៊ុយក្រែន ដោយមានបន្ថែមការវាយប្រហារបញ្ចូលគ្នាទ្រង់ទ្រាយធំម្តងម្កាល ដែលប្រើប្រាស់យានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់៕