របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិម្នាក់ បាននិយាយថា សមត្ថភាពមីស៊ីលភាគច្រើនរបស់អ៊ីរ៉ង់ មិនត្រូវបានប្រើប្រាស់នោះឡើយ នៅក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក។
លោកឧត្តមសេនីយ៍ Reza Talaei-Nik បាននិយាយថា «ផ្នែកសំខាន់នៃសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ នៅតែមិនទាន់ប្រើប្រាស់នោះទេ»។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការមួយនេះ។
ដោយលើកឡើងថា កងកម្លាំងអ៊ីរ៉ង់ បន្តរក្សាបាននូវឧត្តមភាពពេញមួយជម្លោះនេះ លោក Talaei-Nik បានបញ្ជាក់ថា៖ «កងកម្លាំងរបស់យើងបន្តរក្សាបាននូវឧត្តមភាពផ្លូវអាកាសទាំងស្រុង លើទឹកដីកាន់កាប់ដោយក្រុមគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) ហើយផ្នែកខ្លះប៉ុណ្ណោះនៃសមត្ថភាពមីស៊ីលរបស់យើង ត្រូវបានប្រើប្រាស់ក្នុងអំឡុងសង្គ្រាម ៤០ថ្ងៃ»។
ទាក់ទងនឹងការប្រឈមមុខដាក់គ្នាខាងកងទ័ពជើងទឹក ឧត្តមសេនីយ៍រូបនេះបានអះអាងថា នាវាចម្បាំងដែលមានអរិភាព បានដកថយរាប់រយគីឡូម៉ែត្រពីសមុទ្រអូម៉ង់ម្តងហើយម្តងទៀត អំឡុងពេលមានការឆ្លើយតបទៅនឹងសកម្មភាពយ៉ាងដាច់ណាត់ដោយកងកម្លាំងអ៊ីរ៉ង់។
ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវបានរំខានយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដែលធ្វើឲ្យទីផ្សារថាមពលសកលរង្គោះរង្គើ និងធ្វើឲ្យមានក្ដីបារម្ភកាន់តែខ្លាំង អំពីការខូចខាតសេដ្ឋកិច្ចយូរអង្វែង៕