នគរបាលបានឲ្យដឹងថា ការប្រយុទ្ធគ្នាដោយកាំភ្លើង រវាងក្រុមជនជាតិភាគតិចដែលមានអរិភាពជាមួយគ្នា នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ប្រទេសឥណ្ឌា បានបណ្ដាលឲ្យបុរស ៣នាក់បាត់បង់ជីវិត ដោយនេះគឺជាភាពចលាចលចុងក្រោយបំផុត នៅក្នុងតំបន់ដាច់ស្រយាល។
រដ្ឋ Manipur បានជួបប្រទះនឹងការប៉ះទង្គិចគ្នាជាប្រចាំអស់រយៈពេលជិត ៣ឆ្នាំមកហើយ រវាងជនជាតិភាគតិច Meitei ដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ និងសហគមន៍ Kuki ដែលភាគច្រើនជាគ្រិស្តបរិស័ទ ជាជម្លោះដែលបានឆក់យកជីវិតមនុស្សជាង ២៥០នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលល្ងាចថ្ងៃសុក្រ (ទី២៤ ខែមេសា ឆ្នាំ២០២៦) នគរបាលរដ្ឋ Manipur បានឲ្យដឹងថា៖ «នៅក្នុងហេតុការបាញ់ប្រហារតគ្នាទៅវិញទៅមកដ៏ខ្លាំងមួយ មនុស្ស ៣នាក់បានរងរបួស ដោយសារគ្រាប់កាំភ្លើង ហើយបានបាត់បង់ជីវិត»។
ការប៉ះទង្គិចគ្នាបានកើតឡើងនៅភូមិ Mullam ក្នុងតំបន់ Ukhrul ហើយនគរបាលមិនបានបញ្ជាក់ថា តើបុរសទាំងនោះមកពីសហគមន៍ណានោះទេ។
នគរបាលបានបន្ថែមថា៖ «វិធានការសន្តិសុខត្រូវបានពង្រឹងនៅក្នុងតំបន់នេះ ដើម្បីទប់ស្កាត់ការកើនឡើងនូវអំពើហិង្សាបន្ថែមទៀត។ ប្រតិបត្តិការរឹតបន្តឹងនៅតែដំណើរការដដែល»៕