បាល់ទាត់៖ អ្នកចាត់ការដែលសំបូរដោយបទពិសោធន៍ និងភាពជោគជ័យម្នាក់លោក Jose Mourinho បានដឹកនាំក្លិបអ៊ីតាលី AS Roma ចាញ់ក្លិបន័រវេស Bodo/Glimt ជាលើកទី២ ក្នុងរដូវកាលនេះ។

AS Roma បានរងបរាជ័យម្តងរួចមកហើយកាលពីវគ្គវិលជុំក្នុងពូល UEFA Europa Conference League ដោយលទ្ធផលចាស់ដៃ ៦-១ ខណៈការជួបគ្នាម្តងទៀតនៅវគ្គ ៨ក្រុមចុងក្រោយជើងទី១ នេះក៏រងបរាជ័យម្តងទៀត ២-១។ Lorenzo Pallegrini បើកការនាំមុខមុនឱ្យ Roma នៅចុងវគ្គទី១ តែពីរគ្រាប់នៅវគ្គទី២ របស់ Bodo/Glimt ធ្វើឱ្យក្រុមម្ចាស់ផ្ទះយកឈ្នះការប្រកួតនេះ ២-១។ បរាជ័យ ៦-១ កាលពីខែតុលានោះគឺជាបរាជ័យធ្ងន់បំផុតក្នុងអាជីពលោក Mourinho ដែលដឹកនាំក្លិបអាជីពសរុប ១០០៨ប្រកួតនៅពេលនោះ។ លទ្ធផលផ្សេងទៀតរួមមាន Leicester City ០-០ PSV Eindhoven, Marseille ២-១ PAOK Salonika និង Feyenoord ៣-៣ Slavia Prague៕
អត្ថបទ៖នាង សុភាវុធ