រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានជួបជាមួយប្រមុខកងទ័ពប៉ាគីស្ថាន គឺលោកសេនាប្រមុខ Asim Munir នៅទីក្រុងអ៊ីស្លាម៉ាបាដ នាថ្ងៃសៅរ៍ (ទី២៥ ខែមេសា ឆ្នាំ២០២៦) នេះ ស្របពេលមានកិច្ចប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវការចរចាសន្តិភាពដែលជាប់គាំង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៣សប្តាហ៍របស់គូជម្លោះទាំង២។
យោងតាមវីដេអូខ្លីមួយដែលបានបង្ហោះដោយស្ថានទូតអ៊ីរ៉ង់ នៅលើវេទិកាបណ្ដាញសង្គម X បានបង្ហាញថា កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi ទីប្រឹក្សាសន្តិសុខជាតិ និងជាប្រធានផ្នែកស៊ើបការណ៍សម្ងាត់អន្តរសេវាកម្ម លោកឧត្តមសេនីយ៍ឯក Asim Malik អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ លោក Reza Amiri Moghadam។
បើទោះបីជាស្ថានទូតមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមក៏ដោយ ក៏ប្រភពពីប៉ាគីស្ថានបានប្រាប់សារព័ត៌មាន Anadolu ថា ភាគីទាំង២ បានពិភាក្សាអំពីបញ្ហាទាក់ទងនឹងលទ្ធភាពដែលអាចមានកិច្ចចរចាជុំទី២ រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
លោក Araghchi បានទៅដល់ប៉ាគីស្ថានកាលពីយប់ថ្ងៃសុក្រ សម្រាប់អ្វីដែលមន្ត្រីប៉ាគីស្ថាន លើឡើងថា អាចបើកផ្លូវឲ្យមានការចរចាជុំទី២។ ជុំទី១ ត្រូវបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពី ២សប្តាហ៍មុន ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងអ្វីឡើយ។ កិច្ចពិភាក្សាទាំងនោះបានកើតឡើងបន្ទាប់ពីប៉ាគីស្ថានបានសម្របសម្រួលឲ្យមានបទឈប់បាញ់រយៈពេល ២សប្តាហ៍ នៅថ្ងៃទី៨ ខែមេសា ដែលក្រោយមកត្រូវបានពន្យារដោយប្រធានាធិបតីអាមេរិកលោក Donald Trump៕