ក្រុមមន្ត្រីបាននិយាយថា លោកប្រធានាធិបតី Donald Trump និងស្រី្តទី១ Melania Trump ត្រូវបានភ្នាក់ងារសេវាសម្ងាត់ប្រញាប់ប្រញាល់ជម្លៀសចេញពីពិធីជប់លៀងសមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានកាលពីយប់ថ្ងៃសៅរ៍ ២៦ មេសា បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីបានព្យាយាមបំពានសន្តិសុខ។

មន្ត្រី FBI ម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា បុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីបានបាញ់ទៅលើភ្នាក់ងារសេវាសម្ងាត់។ មន្ត្រីរូបនោះបាននិយាយថា ភ្នាក់ងារនោះត្រូវបានបាញ់ចំតំបន់ដែលគ្របដណ្ដប់ដោយសម្ភារៈការពារ ហើយពុំបានរងរបួសទេ។

មន្ត្រីសហព័ន្ធទាំងអស់ រួមទាំងលោក Trump មានសុវត្ថិភាព។ ប្រហែលមួយម៉ោងបន្ទាប់ពីលោក Trump ត្រូវបានប្រញាប់ប្រញាល់អមដំណើរចាកចេញពីពិធីនោះ លោកបានបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា "ខ្មាន់កាំភ្លើងម្នាក់ត្រូវបានចាប់ខ្លួន"។

លោក Trump បានបន្ថែមថា "ល្ងាចមួយនៅ D.C. សេវាសម្ងាត់ និងក្រុមមន្ត្រីអនុវត្តច្បាប់បានធ្វើការងារដ៏អស្ចារ្យ"។
មិនយូរប៉ុន្មាន លោកបានបង្ហោះថា "ស្រី្តទី១ រួមទាំងអនុប្រធានាធិបតី និងសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់ ស្ថិតក្នុងស្ថានភាពល្អឥតខ្ចោះ"។ លោកបាននិយាយថា រូបលោកនឹងធ្វើសន្និសីទសារព័ត៌មាននៅសេតវិមាននៅយប់ថ្ងៃសៅរ៍ដដែលនោះ វេលានៅអាមេរិក៕