សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ នៅក្នុងខេត្តត្បូងឃ្មុំ ចំនួន៨៨៩នាក់។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំសារជាថ្មីនៅថ្ងៃនេះ។ សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ នៅខេត្តត្បូងឃ្មុំទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាននូវសមិទ្ធផលនានា។
ទន្ទឹមនឹងការកោតសរសើរ សម្តេចតេជោ ក៏បានណែនាំ និងក្រើនរំលឹកដល់ក្រុមប្រឹក្សា និងមន្ត្រីនៅមូលដ្ឋានយកចិត្តទុកដាក់បន្ថែមទៀត ត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ខិតខំលុបបំបាត់សកម្មភាពអាណាធិបតេយ្យ ក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀនជាពិសេសបង្ក្រាបអោយខានតែបាននូវការឆបោកតាមប្រព័ន្ធអនឡាញ។
សម្តេចបន្តថា ខេត្តនីមួយៗ ស្រុកនិមួយៗ ឃុំនិមួយៗ ភូមិនិមួយៗ ត្រូវធ្វើការងារនេះអោយជាប់ជាប្រចាំ ខណៈក្នុងសម័យឌីជីថលនេះគឺការលេចឡើងការឆបោកអនឡាញ ដែលយើងត្រូវយកចិត្តទុកដាក់ បង្ក្រាបករណីបទល្មើសនេះកុំអោយងើបឡើងវិញអោយសោះ ត្រូវបោសសំអាត និងលុបបំបាត់អោយអស់ពីកម្ពុជា។
សម្តេចក៏បានណែនាំឱ្យខិតខំយកចិត្តទុកដាក់ពិនិត្យមើលតាមមូលដ្ឋានបញ្ហាឡើងថ្លៃនៃតម្លៃប្រេងឥន្ទនៈ ដែលអាចនាំអោយមានអតិផរណា ខណៈដែលថ្នាក់ក្រោមជាតិក៏មានការចូលរួមចំណែកនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដែរ ហើយក៏ត្រូវចូលរួមចំណែកសន្សំសំចៃឲ្យបានកម្រិតខ្ពស់លើការចំណាយដែលមិនចាំបាច់នានា។
សម្ដេចតេជោក៏បានមានប្រសាសន៍អោយមូលដ្ឋានគាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ ដើម្បីបង្កើនថវិកាជាតិ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម ដែលនាំអោយបាត់បង់ថវិកាជាតិ។
សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស បង្កើនភាពបៃតងនៅកម្ពុជា។
សម្ដេចតេជោក៏ឱ្យណែនាំអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋនៅក្របខណ្ឌទូទាំងប្រទេសឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសប្រើយន្តការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ ដែលជាដំណោះស្រាយឈ្នះឈ្នះ ដោយមិនត្រូវលំអៀងលើផលប្រយោជន៍ណាមួយ។
សម្តេចតេជោក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋាន តាមរយៈការជួយយកអាសារគាត់ និងការចុះជួបសំណេះសំណាលពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។
សម្តេចតេជោក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ខិតខំកាត់បន្ថយឬលុបបំបាត់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋមកលើមន្ត្រី ដែលចំណុចនេះ សម្តេចសំដៅទៅលើមន្ត្រីមួយចំនួនដែលអសកម្ម និងនាំអោយប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្ត។ សម្តេចតេជោក៍ណែនាំអោយមន្ត្រីទាំងអស់ បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋអោយល្អ គឺពង្រឹងសេវាសាធារណៈ ជម្រុញល្បឿនអោយលឿនផ្តល់ជូនប្រជាពលរដ្ឋ។
ចំពោះ សមាជិកក្រុមប្រឹក្សាមកពីតាមបណ្តាឃុំនិងស្រុក ក្នុងខេត្តត្បូងឃ្មុំ បានបង្ហាញក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយសម្តេចតេជោប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងទទួលបានការណែនាំក្រើនរំលឹកលើការជម្រុញការអនុវត្តការងារនៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព ។ ពួកគេប្តេជ្ញាយកអនុសាសន៍នេះទៅអនុវត្ត និងបំពេញកិច្ចការងារបម្រើសេវាសាធារណៈជូនពលរដ្ឋអោយបានល្អ។
សូមបញ្ជាក់ថា គោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះជួបសំណេះសំណាលរបស់សម្ដេចតេជោនៅពេលនេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាផងដែរ៕









