បាល់ទាត់៖ ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic គ្រោងនឹងបង្ហាញខ្លួនឲ្យ AC Milan យប់នេះពេលជួបអតីតក្លិប Manchester United នៅជើងទី២ វគ្គ ១៦ក្រុមចុងក្រោយនៅទឹកដីអ៊ីតាលី។

កីឡាករវ័យ ៣៩ឆ្នាំរូបនេះបានត្រលប់មកហ្វឹកហាត់ ជាមួយមិត្តរួមក្រុមវិញនៅថ្ងៃពុធម្សិលមិញ បន្ទាប់ពីអវត្តមាន ៤ប្រកួតដោយសាររបួស។ ជើងទី១ នៅទឹកដី Old Trafford ក្រុមទាំងពីរស្មើគ្នា ១-១។ ខ្សែប្រយុទ្ធស៊ុតបញ្ចូលទីច្រើនជាងគេឲ្យស៊ុយអែត Zlatan Ibrahimovic ត្រូវបានកោះហៅត្រលប់ឲ្យមកជួយក្រុមជំរើសជាតិវិញ ៥ឆ្នាំបន្ទាប់ពីចូលនិវត្តន៍។ បុរសវ័យ ៣៩ឆ្នាំរូបនេះធ្លាប់ស៊ុតបញ្ចូលទីបាន ៦២គ្រាប់ក្នុងការបង្ហាញខ្លួន ១១២ប្រកួតឲ្យក្រុមជំរើសជាតិស៊ុយអែតមុនពេលចូលនិវត្តន៍ ក្រោយធ្លាប់ត្រឹមវគ្គចែកពូលនៅ Euro ២០១៦។ ការសំរេចចិត្តកោះហៅ Zlatan មកវិញនេះ ស្របពេលស៊ុយអែតត្រៀមខ្លួនប្រកួតវគ្គជំរុះ World Cup ២០២២៕
អត្ថបទ៖នាង សុភាវុធ