យោងតាមអាជ្ញាធរតំបន់បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៤ នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកលើផ្លូវហាយវេនៅភាគនិរតីនៃប្រទេសកូឡុំប៊ី ។

លោក Octavio Guzmán អភិបាលតំបន់ Cauca បាននិយាយថា គ្រឿងផ្ទុះនេះត្រូវបានបំផ្ទុះកាលពីថ្ងៃសៅរ៍នៅលើផ្លូវហាយវេ Pan-American ក្នុងតំបន់ El Tunel នៃទីក្រុង Cajibio។
លោក Guzman បាននិយាយនៅក្នុងសារមួយលើបណ្ដាញសង្គម X ថា គិតត្រឹមពេលនេះ ពួកលោកបានរាយការណ៍ថាមនុស្ស ១៤ នាក់បានស្លាប់ និង៣៨ នាក់រងរបួស រួមទាំងអនីតិជន៥ នាក់។
លោក Guzman បានថ្កោលទោសអ្វីដែលលោកហៅថា ការវាយប្រហារដោយមិនរើសមុខ ប្រឆាំងនឹងប្រជាជនស៊ីវិល។
លោក Guzman បាននិយាយថា រូបលោកគ្មានពាក្យអ្វីរៀបរាប់ឲ្យស្មើនឹងទំហំនៃការឈឺចាប់ដែលពួកលោកកំពុងមាននៅពេលនេះទេ ដោយទាមទារឱ្យមានការឆ្លើយតប "ដ៏ម៉ឺងម៉ាត់ និងយូរអង្វែង" ពីរដ្ឋាភិបាលប្រឆាំងនឹង "ការកើនឡើងនៃអំពើភេរវកម្ម"។
លោកឧត្តមសេនីយ៍ Hugo López មេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូឡុំប៊ី បានប្រាប់សន្និសីទសារព័ត៌មានមួយថា វាគឺជា «ទង្វើភេរវកម្ម» ហើយបានស្តីបន្ទោសបណ្តាញរបស់បុរសម្នាក់ដែលគេស្គាល់ថា Ivan Mordisco ជាឥស្សរជនម្នាក់ក្នុងចំណោមឥស្សរជនដែលប្រទេសកូឡុំប៊ីកំពុងតាមរកមុខ និងក្រុម Jaime Martínez៕

