គូប្រជែងផ្នែកនយោបាយធំបំផុតពីររូបរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ពួកគេកំពុងរួមកម្លាំងគ្នាក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលចម្រុះរបស់លោកនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ដែលត្រូវបានគេរំពឹងថាធ្វើឡើងនៅចុងឆ្នាំនេះ។ អតីតនាយករដ្ឋមន្ត្រីស្តាំនិយម លោក Naftali Bennett និងនិយមកណ្តាល លោក Yair Lapid បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ដោយប្រកាសពីការរួមបញ្ចូលគ្នានៃគណបក្សរបស់ពួកគេទាំងពីរ។

សម្ព័ន្ធភាពរបស់គណបក្សទាំងពីរ មានគោលបំណងបង្រួបបង្រួមគណបក្សប្រឆាំងដែលបែកបាក់ ដែលទំនងជាមានចំណុចរួមតិចតួចប៉ុណ្ណោះ ក្រៅពីអរិភាពរួមគ្នារបស់ខ្លួនចំពោះលោក Netanyahu។ ការិយាល័យរបស់លោក Bennett បាននិយាយថា គណបក្សថ្មីនឹងត្រូវបានគេហៅថា Together ហើយលោកនឹងក្លាយជាមេដឹកនាំរបស់គណបក្សនេះ។

លោក Bennett បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាតាមទូរទស្សន៍ជាមួយលោក Lapid ថា «ខ្ញុំមានសេចក្តីរីករាយក្នុងការប្រកាសថា យប់នេះរួមជាមួយមិត្តរបស់ខ្ញុំ លោក Yair Lapid ខ្ញុំកំពុងមានវិធានការគិតនិងស្ថាបនា និងជំហានស្នេហាជាតិដែលយើងមិនធ្លាប់បានធ្វើសម្រាប់ប្រទេសរបស់យើង»។
ក្នុងអំឡុងពេលសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ លោក Lapid បាននិយាយថា «លោក Bennett គឺជាអ្នកនយោបាយស្តាំនិយម ប៉ុន្តែជាអ្នកស្មោះត្រង់ ហើយមានការជឿទុកចិត្តគ្នារវាងពួកយើង»។
លោក Lapid ក៏បាននិយាយផងដែរថា «ចំណាត់ការនេះ មានបំណងបង្រួបបង្រួមប្លុក បញ្ចប់ការបែកបាក់ផ្ទៃក្នុង និងផ្តោតការខិតខំប្រឹងប្រែងទាំងអស់លើការទទួលជ័យជម្នះក្នុងការបោះឆ្នោតដ៏សំខាន់នាពេលខាងមុខ និងដឹកនាំប្រទេសអ៊ីស្រាអែល ឈានឆ្ពោះទៅមុខ នាពេលអនាគត»។