រដ្ឋមន្ត្រីការពារជាតិ និងប្រធានសភារុស្ស៊ី កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង។ មួយរូបបានជួយសម្ពោធបើកការដ្ឋានសាងសង់វិមានរំលឹកដល់ទាហានកូរ៉េខាងជើងដែលបានស្លាប់ក្នុងការប្រយុទ្ធនៅអ៊ុយក្រែន មួយរូបទៀតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយដែលគ្រោងនឹងដំណើរការរហូតដល់ឆ្នាំ ២០៣១។

កិច្ចសហប្រតិបត្តិការយោធា នយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំង ស្របពេលមានការវាយលុកពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន ដោយទីក្រុងព្យុងយ៉ាងផ្តល់ការគាំទ្រផ្នែកយោធាដល់ទីក្រុងមូស្គូ ជាពិសេសដើម្បីរុញច្រានកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ព្រំដែន Kursk របស់រុស្ស៊ី។

ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមករួចហើយនៅឆ្នាំ ២០២៤ ស្របពេលមានកិច្ចប្រជុំរវាងលោក Kim Jong Un និងប្រធានាធិបតី Vladimir Putin នៅទីក្រុងព្យុងយ៉ាងក្នុងខែមិថុនានោះ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសទាំងពីរបានរាយការណ៍កាលពីថ្ងៃអាទិត្យ ២៦មេសា ចុងសប្ដាហ៍នេះថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov បានទៅដល់កូរ៉េខាងជើង និងបានជួបពិភាក្សាជាមួយលោក Kim និងមន្ត្រីដទៃទៀត។
លោក Belousov បាននិយាយ ដោយប្រើអក្សរកាត់នៃឈ្មោះផ្លូវការរបស់កូរ៉េខាងជើង ថា ពួកលោកបានព្រមព្រៀងជាមួយក្រសួងការពារជាតិកូរ៉េខាងជើង ដើម្បីដាក់កិច្ចសហប្រតិបត្តិការយោធារបស់ពួកលោកឱ្យស្ថិតនៅលើមូលដ្ឋានស្ថិរភាព និងយូរអង្វែង។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ ក៏បានប្រគល់រង្វាន់យោធាដល់ទាហានកូរ៉េខាងជើងផងដែរ ដែលបានប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ី។
ចំណែកលោក Kim បាននិយាយថា ប្រទេសរបស់លោកនឹងបន្តគាំទ្រដល់ប្រទេសរុស្ស៊ី៕