តម្លៃប្រេងបានកើនឡើងបន្ថែមទៀតនៅថ្ងៃចន្ទ ២៧មេសាសប្ដាហ៍នេះ ដោយកើនឡើងជិត ២% ខណៈការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ជាប់គាំង ស្របពេលដែលការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz នៅតែមានកម្រិត ដែលរក្សាការផ្គត់ផ្គង់ប្រេងសកលឱ្យតឹងតែង។

តម្លៃប្រេងឆៅ Brent បានកើនឡើង ២,១៦ ដុល្លារ ឬ២,០៥ % ដល់១០៧,៤៩ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ២៣និង៤៦នាទីម៉ោងសកល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៧ ខែមេសា ហើយតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកដែរនោះ មានតម្លៃ៩៦,១៧ ដុល្លារក្នុងមួយបារ៉ែល កើនឡើង១,៧៧ដុល្លារ ឬ១,៨៨%។កាលពីសប្តាហ៍មុន តម្លៃប្រេងឆៅBrent និង WTI បានកើនឡើងជិត ១៧% និង១៣%ជាបន្តបន្ទាប់ ដែលជាការកើនឡើងប្រចាំសប្តាហ៍ដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។
ក្តីសង្ឃឹមនៃការរស់ឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងសន្តិភាពបានថយចុះក្នុងអំឡុងពេលចុងសប្តាហ៍ នេះនៅពេលប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានលុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដដោយបេសកជនរបស់លោក គឺលោក Steve Witkoff និង លោកJared Kushner ទោះបីជារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានទៅដល់ប្រទេសប៉ាគីស្ថានក៏ដោយ។
លោក Tony Sycamore អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG របស់អូស្ត្រាលី បាននិយាយនៅក្នុងកំណត់ចំណាំមួយថា សកម្មភាពនេះធ្វើឱ្យបាល់វិលត្រឡប់មកនៅក្នុងដៃអ៊ីរ៉ង់វិញ ហើយពេលវេលាកំពុងដើរយ៉ាងលឿន ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់អាចនឹងត្រូវបង្ខំឱ្យបិទផលិតកម្មនៅតំបន់ប្រេងចាស់របស់ខ្លួន នៅពេលអស់សមត្ថភាពផ្ទុក។ទិន្នន័យផ្នែកការដឹកជញ្ជូនតាមនាវាពីក្រុមហ៊ុនវិភាគទីផ្សារសកល Kpler បានបង្ហាញថា ទីក្រុងតេអេរ៉ង់ បានបិទច្រកសមុទ្រ ខណៈទីក្រុងវ៉ាស៊ីនតោនបានបិទកំពង់ផែរបស់អ៊ីរ៉ង់។ ការធ្វើចរាចរណ៍នៅច្រកសមុទ្រ Hormuz នៅតែត្រូវបានកំណត់ ដោយមាននាវាដឹកប្រេងតែមួយគ្រឿងប៉ុណ្ណោះបានចូលទៅក្នុងឈូងសមុទ្រកាលពីថ្ងៃអាទិត្យ៕

