កីឡាករប្រណាំងម៉ូតូអេស្ប៉ាញ Alex Marquez បានអបអរការចូលរួមប្រណាំង Grand Prix ទីលានទី ២៥០ ជាមួយនឹងជ័យជំនះនៅព្រឹត្តិការណ៍ MotoGP នៅប្រទេសអេស្ប៉ាញពីរឆ្នាំជាប់គ្នា។
ជ័យជំនះនេះ ក៏ជាការអបអរខួបកំណើតឈានចូលវ័យ ៣០ ឆ្នាំរបស់ Alex Marquez ផងដែរ ខណៈដែលកីឡាកររបស់ក្រុម Gresini Racing រូបនេះ ចាប់ផ្តើមទីពីលេខ ៥ រហូតទទួលបានជ័យជំនះ។

បងប្រុសរបស់គេ Marc Marquez ដែលឈ្នះការប្រណាំងយកទីចេញដំណើរនោះ បានដួលម៉ូតូនៅផ្លូវបត់ទី ១១ នៃជុំទី ២ នៅពេលប្រជែងជាមួយប្អូនប្រុសរបស់ខ្លួន ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។
លេខពីរសម្រាប់ការប្រកួតនេះបានទៅកីឡាករអ៊ីតាលី Marco Bezzecchi ជិះឱ្យក្រុម Aprilia ខណៈកីឡាករអ៊ីតាលីមួយរូបទៀត Fabio di Giannantonio បានលេខ ៣។
នេះជាជ័យជំនះដំបូងសម្រាប់ Alex Marquez រដូវកាលនេះ និងធ្វើឱ្យគេឡើងមកឈរលេខ ៧ ក្នុងតារាងជើងឯក ស្របពេលដែល Marco Bezzecchi បន្តនាំមុខគេមាន ១០១ ពិន្ទុ តាមពីក្រោយដោយកីឡាករអេស្ប៉ាញ Jorge Martin មាន ៩០ ពិន្ទុ និងលេខបី Fabio di Giannantonio មាន ៧១ ពិន្ទុ។
ទីលានទីប្រាំ MotoGP រដូវកាលនេះ នឹងបន្តទៅប្រទេសបារាំងនៅថ្ងៃទី ១០ ខែឧសភា៕អត្ថបទ៖នាង សុភាវុធ



