ភាពមិនប្រាកដប្រជា ជុំវិញកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែជ្រៅឡើង ក្នុងពេលមានការមិនចុះសម្រុងគ្នាជាបន្តបន្ទាប់ និងសញ្ញានៃភាពតានតឹងឡើងវិញ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងលែងបញ្ជូនគណៈប្រតិភូដើម្បីចរចាជាមួយអ៊ីរ៉ង់ទៀតហើយ ដោយបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ គួរតែទាក់ទងជាមួយទីក្រុងវ៉ាស៊ីនតោនដោយផ្ទាល់ ប្រសិនបើខ្លួនចង់ចរចា។

លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ថា «ប្រសិនបើពួកគេចង់ធ្វើ យើងអាចចរចាគ្នាបាន។ ប៉ុន្តែយើងមិនបញ្ជូនមនុស្សឱ្យធ្វើដំណើរ រយៈពេល១៨ម៉ោងដើម្បីជួបគ្នានោះទេ»។ លោក Trump ក៏បាននិយាយផងដែរថា លោកមានការគោរពយ៉ាងខ្លាំងចំពោះប្រទេសប៉ាគីស្ថាន ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងអ៊ីស្លាម៉ាបាដ និងបាននិយាយបន្ថែមថា ប្រទេសប៉ាគីស្ថាន នឹងនៅតែពាក់ព័ន្ធ។ លោកបានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់ «មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ» «បើមិនដូច្នេះទេ គ្មានហេតុផលដើម្បីជួបគ្នាឡើយ»។ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា សម្ពាធ និងសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យខូចទំនុកចិត្ត និងធ្វើឱ្យវឌ្ឍនភាពឆ្ពោះទៅរកកិច្ចចរចាជាថ្មីកាន់តែពិបាក នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោកកាលពីថ្ងៃអាទិត្យ។ លោកបាននិយាយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន មិនអាចបន្តការចរចាបាន ខណៈកំពុងបង្កើនសម្ពាធលើអ៊ីរ៉ង់ ដោយនិយាយថា សកម្មភាពបែបនេះ «រំខានដល់បរិយាកាសចាំបាច់» សម្រាប់ផ្នែកការទូត។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានបង្ហាញពីលក្ខខណ្ឌរបស់អ៊ីរ៉ង់សម្រាប់ការបញ្ចប់សង្គ្រាមទៅកាន់ប្រទេសប៉ាគីស្ថាន ជាប្រទេសសម្របសម្រួល។ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក Araghchi បានបង្ហាញពី «ខ្សែបន្ទាត់ក្រហម» របស់ទីក្រុងតេអេរ៉ង់ទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសប៉ាគីស្ថានក្នុងអំឡុងពេលដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់លោក។ របាយការណ៍នេះបាននិយាយថា «ខ្សែបន្ទាត់ក្រហម» ដែលបានបញ្ជូនទៅកាន់ភាគីសហរដ្ឋអាមេរិកក្នុងទម្រង់ជាសារជាលាយលក្ខណ៍អក្សរ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងច្រកសមុទ្រ Hormuz។