យ៉ាងហោចណាស់មានមនុស្ស ៤២នាក់ បានស្លាប់ និង ១០នាក់ ផ្សេងទៀត រងរបួស បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើង នៅក្នុងភូមិ Igote ក្នុងខេត្ត Wadi-Fira ភាគខាងកើតប្រទេសឆាដ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន និងបោះពុម្ពផ្សាយឆាដកាលពីថ្ងៃអាទិត្យ។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងបុគ្គលពីរនាក់លើចំណុចផ្គត់ផ្គង់ទឹកមួយកន្លែង បានកើនឡើងរហូតដល់មានជម្លោះរវាងសហគមន៍ពីរ។
ឧបនាយករដ្ឋមន្ត្រីឆាដ លោក Limane Mahamat បានដឹកនាំគណៈប្រតិភូមួយទៅកាន់ភូមិនោះ ដើម្បីវាយតម្លៃស្ថានភាព។
លោក Limane Mahamat បាននិយាយថា៖«ជាអកុសល យើងសោកស្តាយចំពោះមនុស្ស ៤២នាក់ ដែលបានស្លាប់ និង ១០នាក់ បានរងរបួស។ យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់៕