ស្វាយរៀង៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនដល់គ្រួសារមានជីវភាពខ្វះខាត និងជនមានពិការភាពចំនួន ៥០០ គ្រួសារ ស្ថិតក្នុងសង្កាត់ទាំង៥ ក្រុងបាវិត តាមរយៈលោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan និងក្រុមហ៊ុន MedTecs Group នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ។
លោក Clement Yang ប្រធានតំបន់សេដ្ឋកិច្ចពិសេស Manhattan បានមានប្រសាសន៍ថា ការចែកអំណោយសប្បុរធម៌នាថ្ងៃនេះ គឺជាការសម្តែងនូវការដឹងគុណដល់បងប្អូនប្រជាពលរដ្ឋក្រុងបាវិត ដែលបានបញ្ជូនសមាជិកក្រុមគ្រួសាររបស់ខ្លួន ចូលធ្វើការនៅតាមបណ្តារោងចក្រនានាក្នុងក្រុងបាវិត ជាពិសេសចូលរួមដល់ការអភិវឌ្ឍក្រុងបាវិតឲ្យមានការរីកចំរើន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណ លោក Clement Yang ដែលបានចូលរួមដល់ការអភិវឌ្ឍនៅប្រទេសកម្ពុជា និងជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់ការងារឲ្យកម្មករប្រមាណជាង ៣៥០០០នាក់ ក្នុងចំណោមកម្មករជាង ៥០០០០ ដែលនេះជាចំនួនដ៏លើសលប់ក្នុងក្រុងបាវិត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានាថ្ងៃនេះ គឺជាការចូលរួមសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ និងជាការយកចិត្តទុកដាក់អំពីទុក្ខធុរៈចំពោះក្រុមគ្រួសារជួបការលំបាក និងមានជីវភាពខ្វះខាត របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរតែងតែចាត់ទុកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាការលំបាករបស់សម្តេច។
ឯកឧត្តមបន្តទៀត កម្ពុជា ក្រោមម្លប់សន្តិភាព បានបង្កើតនូវឱកាសការងារយ៉ាងច្រើន និងមានការអភិវឌ្ឍឥតឈប់ឈរ ដែលអាចឲ្យប្រជាជនខ្មែរគ្រប់រូបមានជម្រើសយ៉ាងច្រើនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងបំពេញការងារទៅតាមបំណងប្រាថ្នាពេញចិត្ត។ ដើម្បីចូលរួមថែរក្សាសមិទ្ធផលដែលបានមកពីសុខសន្តិភាពនេះ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី៕





