ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ជាថ្មីម្តងទៀតបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីកាលពីឆ្នាំមុនលើរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl។ ឧបទ្ទវហេតុមួយបានកើតឡើងនៅម៉ាស៊ីនរ៉េអាក់ទ័រលេខ ៤ នៃរោងចក្រនៅភាគខាងជើងប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៨៦។ សារធាតុវិទ្យុសកម្មបានលេចចេញ ហើយមនុស្សប្រហែល ៣០ នាក់ រួមទាំងកម្មកររោងចក្រ បានស្លាប់។
ពិធីមួយត្រូវបានធ្វើឡើងនៅរោងចក្រ Chornobyl កាលពីថ្ងៃអាទិត្យ ជាខួបលើកទី ៤០ នៃគ្រោះមហន្តរាយ ដើម្បីរំលឹកដល់ជនរងគ្រោះ។ អ្នកចូលរួម ក៏មានលោក Zelenskyy និងអគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) លោក Rafael Grossi ដែលបានដាក់ចង្កៀងនៅវិមានរំលឹក Chornobyl និងបានស្ងៀមស្ងាត់មួយសន្ទុះ។

អ៊ុយក្រែននិយាយថា ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី បានបំផ្លាញខែលការពាររបស់ម៉ាស៊ីនរ៉េអាក់ទ័រលេខ ៤ កាលពីឆ្នាំមុន។ ទីភ្នាក់ងារ IAEA និយាយថា ការជួសជុលបណ្តោះអាសន្នត្រូវបានអនុវត្ត ប៉ុន្តែត្រូវការការងារបន្ថែមទៀតដើម្បីធានាសុវត្ថិភាពរយៈពេលវែង។
បន្ទាប់ពីពិធីនោះ លោក Zelenskyy បាននិយាយក្នុងសន្និសីទអន្តរជាតិមួយថា «ពិភពលោក ចាំបាច់ត្រូវដាក់ទណ្ឌកម្មឲ្យបានខ្លាំង» លើរុស្ស៊ី។

