នាព្រឹកថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ ក្រុមហេសបូឡា បានឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះទៅលើកន្លែងប្រមូលផ្តុំ និងយានយន្តយោធារបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ Tal al-Nahas នៅជាយក្រុង Kafr Kila ភាគខាងត្បូងនៃប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមរបស់ប្រទេសលីបង់មួយនេះ បានបញ្ជាក់ថា ការវាយប្រហារនេះផ្តោតលើកងកម្លាំងអ៊ីស្រាអែលដែលឈរជើងនៅជិតតំបន់ព្រំដែន។
កាលពីថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ទាហានម្នាក់បានបាត់បង់ជីវិត ខណៈ ៦នាក់ផ្សេងទៀត បានរងរបួសក្នុងអំឡុងពេលមានប្រយុទ្ធគ្នានៅភាគខាងត្បូងលីបង់។ ហើយយោធាបានបញ្ជាក់ថា ទាហាន ៣នាក់ បានរងរបួសធ្ងន់ធ្ងរ ខណៈដែល ២នាក់ទៀតរងរបួសមធ្យម តែមិនបានបញ្ជាក់នោះឡើយថា តើពេលណាដែលការប្រយុទ្ធគ្នានេះ បានកើតឡើង។

ចំណែកក្រុមហេសបូឡាបានឲ្យដឹងនៅថ្ងៃអាទិត្យនោះថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ ដើម្បីឆ្លើយតបទៅនឹងការរំលោភដោយអ៊ីស្រាអែល លើកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើលីបង់ និងបានបើកការវាយលុកផ្លូវគោក នៅភាគខាងត្បូង ចាប់តាំងពីការវាយប្រហារឆ្លងកាត់ព្រំដែនដោយក្រុមហេសបូឡា កាលពីថ្ងៃទី២ ខែមីនា៕
