នៅថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានធ្វើដំណើរទៅដល់ទីក្រុង St. Petersburg ដែលជាជើងចុងក្រោយនៃដំណើរទស្សនកិច្ចក្នុងតំបន់របស់លោកដែលគេមើលឃើញរូបលោកធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន និងប្រទេសអូម៉ង់ផងដែរ ។ លោក Araqchi ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
នៅមុននេះ លោក Araqchi និយាយថា ការពិគ្រោះយោបល់កាលពីពេលថ្មីៗនៅប្រទេសប៉ាគីស្ថាន បានពិនិត្យមើលឡើងវិញលក្ខខណ្ឌដែលអាចឲ្យកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចាប់ផ្តើមឡើងវិញបាន ដោយរូបលោកធ្វើការសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់នឹងព្យាយាមទទួលបានសិទ្ធិ និងផលប្រយោជន៍ជាតិរបស់ខ្លួន បន្ទាប់ពីជម្លោះអស់រយៈពេលជាច្រើនសប្តាហ៍ ។
លោកបាននិយាយផងដែរថា អ៊ីរ៉ង់ និងអូម៉ង់ ក្នុងនាមជារដ្ឋតំបន់ឆ្នេរច្រកសមុទ្រ Hormuz បានយល់ព្រមបន្តការពិគ្រោះយោបល់កម្រិតអ្នកជំនាញ ដើម្បីធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាព ហើយនិងការពារផលប្រយោជន៍រួមនៅក្នុងផ្លូវទឹកមួយនេះ ។

សូមបញ្ជាក់ថា ក្តីសង្ឃឹមនៃការស្រោចស្រង់កិច្ចខិតខំសន្តិភាព បែរជាលែងមានកាលពីថ្ងៃសៅរ៍ ពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លុបចោលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់គាត់គឺលោក Steve Witkoff និងលោក Jared Kushner ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន ៕
