ទីក្រុងប៉េកាំង នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បានរិះគន់ផែនការរបស់សហភាពអឺរ៉ុប (EU) ដែលមានគោលបំណងជំរុញឧស្សាហកម្មរបស់ប្លុកប្រឆាំងនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីប្រទេសចិន ដោយប្ដេជ្ញាថា នឹងចាត់វិធានការតបវិញ ប្រសិនបើចំណាត់ការត្រូវបានអនុវត្ត។
EU បានបង្ហាញកាលពីខែមីនា នូវច្បាប់ «ផលិតនៅអឺរ៉ុប» ថ្មី សម្រាប់ក្រុមហ៊ុនដែលកំពុងព្យាយាមទទួលបានមូលនិធិសាធារណៈ នៅក្នុងវិស័យយុទ្ធសាស្ត្រ ក្នុងនោះរួមមានទាំងរថយន្ត បច្ចេកវិទ្យាបៃតង និងដែកថែបផងដែរ ដោយតម្រូវឲ្យក្រុមហ៊ុននានាបំពេញតាមកម្រិតអប្បបរមា សម្រាប់គ្រឿងបន្លាស់ដែលផលិត នៅ EU។
សំណើនេះ ដែលត្រូវបានពន្យាររយៈពេលជាច្រើនខែមកហើយ ដោយសារការមិនស្របគ្នា ជុំវិញវិធានការនានា គឺជាផ្នែកសំខាន់មួយនៃកម្លាំងជំរុញរបស់ EU ដើម្បីទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងរបស់ខ្លួនឡើងវិញ កាត់បន្ថយការធ្លាក់ចុះឧស្សាហកម្មរបស់ខ្លួន ហើយទប់ស្កាត់ការបាត់បង់ការងាររាប់សែនកន្លែង។

ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង បានលើកឡើងនៅថ្ងៃចន្ទនេះថា ខ្លួនបានដាក់ស្នើមតិយោបល់ទៅកាន់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដោយបង្ហាញពី «ក្ដីបារម្ភយ៉ាងធ្ងន់ធ្ងរ» របស់ប្រទេសចិន ទាក់ទងនឹងចំណាត់ការដែលខ្លួនចាត់ទុកថា «ការរើសអើងជាប្រព័ន្ធ»។
ក្រសួងពាណិជ្ជកម្មបានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រសិនបើសហភាពអឺរ៉ុប ចាប់ផ្ដើមអនុវត្តឡើងវិញនូវច្បាប់នេះ ហើយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនចិន ប្រទេសចិននឹងគ្មានជម្រើសអ្វីក្រៅពីចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់នោះទេ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសរបស់ខ្លួន»។
គួរបញ្ជាក់ថា សំណើរបស់ EU ដែលត្រូវបានគេស្គាល់ជាផ្លូវការថា «ច្បាប់ពន្លឿនឧស្សាហកម្ម» ផ្តោតលើក្រុមហ៊ុនផលិតអាគុយ និងយានយន្តអគ្គិសនីរបស់ចិន ដោយចេតនា ដោយទាមទារឲ្យក្រុមហ៊ុនបរទេសសហការជាមួយក្រុមហ៊ុនអឺរ៉ុប និងចែករំលែកចំណេះដឹងបច្ចេកវិទ្យា នៅពេលបើករៀងចក្រនៅក្នុងប្លុក៕

