នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅថ្ងៃចន្ទ (ទី២៧ ខែមេសា ឆ្នាំ២០២៦) នេះ បាននិយាយថា លោកស្រីមិនបានឃើញតម្រូវការបន្ទាន់ណាមួយ ក្នុងការរៀបចំកញ្ចប់ថវិកាបន្ថែមនោះទេ ប៉ុន្តែបានសន្យាថា នឹងឆ្លើយតប «ប្រកបដោយភាពបត់បែន» អាស្រ័យលើកម្រិតនៃការខូចខាតសេដ្ឋកិច្ច ដោយសារជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។

ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីមានការអំពាវនាវកាន់តែខ្លាំងឡើង ពីសមាជិកសភានៃគណបក្សកាន់អំណាច និងប្រឆាំង ឲ្យរដ្ឋាភិបាលរៀបចំកញ្ចប់វិធានការថ្មី ដើម្បីទប់ស្កាត់ផលប៉ះពាល់ ដោយសារការហក់ឡើងនូវតម្លៃប្រេង និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់។
លោកស្រី Takaichi បានប្រាប់សភាថា៖ «បច្ចុប្បន្ននេះ ខ្ញុំមិនឃើញតម្រូវការ ក្នុងការរៀបចំកញ្ចប់ថវិកាបន្ថែមនោះទេ»។ លោកស្រីបានបន្ថែមថា រដ្ឋាភិបាលនៅតែមានថវិកាគ្រប់គ្រាន់ ដើម្បីចំណាយលើការឧបត្ថម្ភធនប្រេងឥន្ធនៈ។
យ៉ាងណាក្ដី លោកស្រីបានសង្កត់ធ្ងន់ថា៖ «ប៉ុន្តែសភាពការណ៍វិវត្ត នៅតំបន់មជ្ឈិមបូព៌ា ពិបាកនឹងមើលឃើញជាមុនណាស់។ យើងនឹងតាមដានដោយប្រុងប្រយ័ត្ន ចំពោះផលប៉ះពាល់លើសេដ្ឋកិច្ចរបស់ជប៉ុន និងចាត់វិធានការចាំបាច់ប្រកបដោយភាពបត់បែន»។
ជាមួយគ្នានេះ លោកស្រី Takaichi ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលមិនគួរចាត់វិធានការ ដើម្បីទប់ស្កាត់សកម្មភាពសេដ្ឋកិច្ចទេ ទោះបីជាមានក្ដីបារម្ភ ដែលថា ប្រទេសជប៉ុនអាចនឹងជួបប្រទះការខ្វះខាតប្រេងឆៅ និងផលិតផលទាក់ទងនឹងប្រេង ដោយសារតែការបិទច្រកសមុទ្រ Hormuz ប្រកបដោយប្រសិទ្ធភាពក៏ដោយ៕

