ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបញ្ជាក់ថា អ្វីដែលឪពុកម្តាយខ្លាចបំផុត គឺការដែលកូនៗមិនចេះជួយគ្នា ដែលពាក្យមួយឃ្លានេះ បានបង្ហាញពីសាមគ្គីភាពនៃក្រុមគ្រួសារ ស.ស.យ.ក. របស់យើង ហើយជាសារក្រើនរំឮកថា កិច្ចការរបស់យើងនៅមានច្រើនណាស់ ដែលយើងត្រូវចេះជួយគ្នា ត្រូវសហការគ្នាធ្វើបន្ត ក្នុងស្មារតីសាមគ្គីភាព ឯកភាពគ្នា និងស្វែងរកចំណុចរួមមួយដើម្បីធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់។
ឯកឧត្តមបន្តថា សមាជិក សមាជិកា ស.ស.យ.ក. មួយចំនួន ទោះមិនទាន់មានតួនាទីក្នុងក្របខណ្ឌអ្វីណាមួយក៏ដោយ តែពួកយើងបានពួតដៃគ្នាធ្វើការងារជាមួយគ្នា ក្នុងភាពចាស់ទុំ ដោយមិនប្រកាន់ឋានៈ ឬតួនាទីនោះទេ ដែលនេះគឺជាអាកប្បកិរិយាដ៏ពិតជាគួរឲ្យកោតសរសើរ។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ-សង្កាត់ ក្នុងរចនាសម្ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង
នៅព្រឹកថ្ងៃទីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ។
ឯកឧត្តម ហ៊ុន ម៉ានី សូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រជាទីបំផុតចំពោះការលះបង់យ៉ាងធំធេងរបស់សមាជិក សមាជិកាម្នាក់ៗ នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលការលអបង់នេះពិតជាមានតម្លៃខ្ពស់ និងមិនអាចកាត់ថ្លៃបាននោះទេ៕


