ជនប៉ាឡេស្ទីន បានជួបជុំគ្នាធ្វើពិធីបុណ្យសពនៅទីក្រុងហ្កាហ្សា ដើម្បីកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហាររបស់អ៊ីស្រាអែល និងការផ្លោងគ្រាប់កាំភ្លើងរបស់រថក្រោះ ដែលបានសម្លាប់មនុស្ស ២នាក់ នៅជិតទីក្រុងហ្កាហ្សាកាលពីថ្ងៃអាទិត្យ ។
ក្រុមមន្រ្តីសុខភាពនៅដែនដីបិទច្រកមួយនេះ និយាយថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន ៤នៅតំបន់ហ្កាហ្សាស្រ្ទីប កាលពីថ្ងៃអាទិត្យ ។
ក្រុមគ្រូពេទ្យបឋម និយាយថា ការបាញ់ប្រហារ និងការផ្លោងគ្រាប់កាំភ្លើងធំរបស់រថក្រោះ សម្លាប់មនុស្ស ២នាក់ នៅជិតទីក្រុងហ្កាហ្សា ហើយការវាយប្រហារតាមច្រកអាកាសធ្វើឡើងដោយកងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សម្នាក់ នៅជិតភូមិ Al-Mughraqa ស្ថិតនៅភាគកណ្តាលហ្កាហ្សា ។
នៅក្នុងឧបទ្ទេវហេតុមួយទៀត កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់ស្រ្តីវ័យ ៤០ឆ្នាំម្នាក់ នៅទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ។
យោធាអ៊ីស្រាអែលនិយាយថា ពួកគេពុំបានដឹងពីការវាយប្រហារណាមួយដោយទាហានរបស់ខ្លួននោះឡើយនៅតំបន់នោះ នៅពេលដែលឧបទ្ទេវហេតុត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យ ។
សូមបញ្ជាក់ថា ជនប៉ាឡេស្ទីនយ៉ាងហោច ៨០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីខែតុលា ឆ្នាំមុន រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ខណៈដែលទាហានអ៊ីស្រាអែល ៤នាក់ ត្រូវបានសម្លាប់ផងដែរ ដោយក្រុមជីវពល ចាប់តាំងពីពេលនោះមក ៕

