ក្រុមមេដឹកនាំអាមេរិកឡាទិន បានបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គម ដើម្បីថ្កោលទោសការបាញ់ប្រហារក្នុងពិធីលៀងសាយភោជន៍នៅសេតវិមាន កាលពីយប់ថ្ងៃសៅរ៍ ។
នៅជុំវិញពិភពលោក ក្រុមមេដឹកនាំបានធ្វើការថ្កោលទោសការវាយប្រហារមួយនេះ និងបង្ហាញពីអារម្មណ៍ធូរស្បើយ ពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងក្រុមអ្នកចូលរួមពិធីទាំងអស់មានសុវត្ថិភាព ដោយពួកគេបញ្ជាក់ពីសាមគ្គីភាពជាមួយសហរដ្ឋអាមេរិក ។
ក្រុមមន្រ្តីនិយាយថា លោក Trump និងក្រុមមន្រ្តីក្នុងដ្ឋបាលរបស់លោក ទំនងជាក្លាយជាគោលដៅរបស់ជនសង្ស័យបានបាញ់ប្រហារលើភ្នាក់ងារសន្តិសុខម្នាក់ដែលយាមកាមនៅក្នុងពិធីលៀងសាយភោជន៍នេះ នៅទីក្រុងវ៉ាស៊ីនតោន ។

អតីតភ្នាក់ងារអង្គភាពសេវាចារកម្ម ២រូប និងមន្ត្រីជាន់ខ្ពស់អាមេរិក ៣រូប បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យថា ភ្នាក់ងារសហព័ន្ធបានអនុវត្តផែនការរបស់ពួកគេ ដើម្បីការពារប្រធានាធិបតីដោយប្រសិទ្ធភាពកាលពីយប់ថ្ងៃសៅរ៍ ដោយបានបញ្ឈប់ខ្មាន់កាំភ្លើងរងការចោទប្រកាន់ មុនពេលជននេះទៅដល់ជាន់ក្រោមដីនៃសណ្ឋាគារ Washington Hilton ជាកន្លែងដែលលោក Trump ត្រៀមនឹងថ្លែងសុន្ទរកថា ។
គួររំឭកថា លោក Trump បានគេចផុតពីការប៉ុនប៉ងធ្វើឃាតម្តងរួចមកហើយនៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីឆ្នាំ ២០២៤ ។ នៅក្នុងការប៉ុនប៉ងលើកនោះ លោក Trump បានរងរបួសត្រង់ផ្នែកខាងលើត្រជាក់របស់លោក ដោយសារខ្មាន់កាំភ្លើងវ័យ ២០ឆ្នាំ ដែលត្រូវបានបាញ់សម្លាប់ដោយមន្រ្តីសន្តិសុខ ៕
