អាជ្ញាធរការពារដែនកោះតៃវ៉ាន់ នៅថ្ងៃចន្ទ (ទី២៧ ខែមេសា) នេះ បាននិយាយសម្រាលផលប៉ះពាល់ ដោយសារទណ្ឌកម្មរបស់ចិន លើក្រុមហ៊ុនអឺរ៉ុបចំនួន៧ ពាក់ព័ន្ធនឹងការលក់អាវុធទៅកោះនេះ ដោយបញ្ជាក់ថា វាមិនមែនជាលើកទី១ នោះទេ ដែលមានវិធានការបែបនេះ ហើយវានឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់ទីក្រុងតៃប៉ិ ក្នុងការស្វែងរកប្រភាពអាវុធនោះឡើយ។
ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសុក្រ បានហាមឃាត់ការនាំចេញទំនិញប្រើប្រាស់បានទាំងយោធា និងស៊ីវិល ទៅកាន់ក្រុមហ៊ុនចំនួន ៧ ដោយសារការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ដោយដាក់ក្រុមហ៊ុនទាំងនោះនៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន ជាករណីដ៏កម្រមួយនៃទណ្ឌកម្មដែលផ្តោតលើអឺរ៉ុប និងទាក់ទងជាមួយកោះតៃវ៉ាន់។
កោះតៃវ៉ាន់ ដែលត្រូវបានប្រទេសចិនចាត់ទុកថា ជាទឹកដីរបស់ខ្លួននោះ ទទួលបានអាវុធភាគច្រើនពីសហរដ្ឋអាមេរិក។ អឺរ៉ុបមិនបានលក់គ្រឿងយុទ្ធោបករណ៍ដែលមានកម្រិតខ្ពស់ ដូចជាយន្តហោះចម្បាំង ទៅឲ្យទីក្រុងតៃប៉ិអស់រយៈពេលប្រហែល ៣ទសវត្សរ៍មកហើយ ដោយបារម្ភថា ធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បា។
អំឡុងពេលឆ្លើយសំណួរអ្នកតំណាងរាស្ត្រ នៅសភា អាជ្ញាធរការពារកោះតៃវ៉ាន់ លោក Wellington Koo បាននិយាយថា នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសចិនបានអនុវត្តវិធានការបញ្ជីខ្មៅបែបនេះ៕

